ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី លេីផ្លូវជាតិលេខ៥ (ផ្លូវឯកទិស) ចន្លោះបង្គោលគីឡូម៉ែត្រលេខ256-257 ត្រង់ចំណុចក្រុមទី០៥ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្ត បាត់ដំបងមានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង រវាងម៉ូតូនិងរថយន្ដ បានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយមានរថយន្ដម៉ាក Toyota Highlander ប្រភេទទេសចរណ៍ធុនតូច ពណ៌ទឹក ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2W-1773 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងភ្នំពេញ (ទិសខាងត្បូង)មុខទៅទិសបាត់ដំបង(ទិសខាងជើង)។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូ១គ្រឿង ម៉ាកHonda Dream ធុនសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1S-0412 អ្នកបើកបរឈ្មោះ នៅ នេត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅស្របគ្នា បានបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បញ្ជាក់ឱ្យដឹងថា ម៉ូតូនិងរថយន្ដបើកបរក្នុងទិសដៅស្របគ្នា លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបុកពីក្រោយម៉ូតូពេញទំហឹងតែម្តង។ ក្រោយពេលកើតហេតុរថយន្តបង្ក បានបើកបរគេចចេញពីកន្លែងកើតហេតុ យកទៅទុក ចោលនៅចំណុចផ្លូវវាងក្រុង ស្រុកសង្កែ ខេត្តបាត់ដំបង ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ក រួចបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ 










