ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីពាក់ព័ន្ធ ករណីលួចម៉ូតូ។
សម្ថកិច្ចបន្តថាៈនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឃិន គា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ស្តីពីករណីបាត់ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1E-7902 កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមុខបន្ទប់ជួលខាងលេី ។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះកម្លាំងធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អឿយ វិសាល ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចផ្ទះសំណាក់ជ័យមង្គល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន និងបានយកទៅដាក់បញ្ចាំជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ ទិត្យ ឈឿត (ប្រុស) ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយទទួលបានចម្លេីយសារភាព កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ទិត្យ ឈឿត (ប្រុស) ព្រមទាំងចាប់យកវត្ថុតាងនៃបទល្មើស ម៉ូតូ០១គ្រឿង ដោយមានការសង្ស័យ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ រកឃើញមានគ្រឿងញៀន ចំនួន០៣កូនថង់កិប(ធំ០២ , តូច០១)។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
សមត្ថកច្ចបញ្ជាក់ថាៈជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕

 
			








