ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថាៈ នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ សើរ ហាលីម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ១៧ថង់កិប ទម្ងន់ ១០២៩,៣០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទ ចំនួន០១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន រួមនឹងសម្ភារៈមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បី ចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print