ភ្នំពេញ៖ សិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ រៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Viory បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមាន លោកស្រី Nhishaeni Parmanadan តំណាងក្រុមហ៊ុន Viory ប្រចាំតបន់អាសុី និងវាគ្មិនក្រុមការងារមកពីប្រទេស អេមីរ៉ាត់អារ៉ាប់រួម។
សិក្ខាសាលានេះធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់៣១ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីការកែសម្រួលព័ត៌មានប្រកបដោយគុណភាព ការវិភាគវីដេអូនិងការកំណត់ទីតាំងភូមិសាស្ត្រ ការផ្ទៀងផ្ទាត់ព័ត៌មានជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការត្រួតពិនិត្យទិន្នន័យ Metadata និងពាក្យគន្លឹះ ការស្វែងរកព័ត៌មានតាមបណ្តាទំនាក់ទំនងសង្គម និងការប្រើប្រាស់ AI language models ប្រកបដោយប្រសិទ្ធភាព។
សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលាសរុបចំនួន ៥០នាក់ មកពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ៦នាក់, អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៦នាក់, អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា៦នាក់, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ៦នាក់, អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មានចំនួន៦នាក់ និងអង្គភាពសារព័ត៌មានឯកជន ២០អង្គភាពចំនួន ២០នាក់៕
ដោយ៖តារា










