ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានប្រកាសធានាសន្តិសុខ សុវត្តិភាព ជូនដល់ភ្ញៀវទេសចរ ដែលមកចូលលេងនៅក្នុងប្រទេសកម្ពុជា ហើយកម្ពុជានៅតែជាគោលដៅមានសុវត្ថិភាព ប្រកបដោយបដិសណ្ឋារកិច្ចក្នុងកម្រិតខ្ពស់ ដែលភ្ញៀវទេសចរគ្រប់រូបត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ ទំនុកចិត្ត និងសេចក្ដីថ្លៃថ្នូរ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និង ជាបន្ទាន់ ដើម្បីទប់ស្កាត់រាល់សកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)។
យោងតាមលោក ហួត ហាក់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានកំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam Online) ហើយទទួលស្គាល់នូវកង្វល់ដែលលើកឡើងដោយសារធារណជន និង ប្រព័ន្ធផ្សព្វផ្សាយនានា។ ប៉ុន្តែជាការចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់ថា បញ្ហាទាំងនេះ គឺជាហេតុការណ៍ដាច់ដោយឡែក ដែលភាគច្រើនប្រព្រឹត្តិដោយបណ្ដាញជនបរទេសខុសច្បាប់ ដែលមកជ្រកកោននៅកម្ពុជាហើយពិតណាស់ទង្វើដ៏ពុំគប្បីនេះ ពិតជាមិនបានឆ្លុះបញ្ចាំងពីចរិតពិតរបស់ប្រជាជនកម្ពុជា ឬស្មារតីពិតប្រាកដរបស់ប្រទេសជាតិយើងនោះទេ។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ ពន្យល់ថា កម្ពុជានៅតែធានាបាននូវសុខសន្តិភាព ហើយក៏នឹងនៅតែជាគោលដៅមានសុវត្ថិភាព ប្រកបដោយបដិសណ្ឋារកិច្ចក្នុងកម្រិតខ្ពស់មួយ ដែលភ្ញៀវទេសចរគ្រប់រូបត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ ទំនុកចិត្ត និងសេចក្ដីថ្លៃថ្នូរ។សម្រាប់លោក លោក ហួត ហាក់ ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និង ជាបន្ទាន់ ដើម្បីទប់ស្កាត់រាល់សកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពប្រជាពលរដ្ឋ បូករួមទាំងភ្ញៀវទេសចរគ្រប់រូបនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានថ្លែងថា ក្រសួង ស្ថាប័នមានសមត្ថកិច្ច ក្រសួងមហាផ្ទៃ រួមនឹងស្ថាប័នអនុវត្តច្បាប់ ក៏បាននិងកំពុងចាត់វិធានការបង្ក្រាបយ៉ាងសកម្ម លើប្រតិបត្តិការខុសច្បាប់ ជាពិសេសគឺបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនក្រោមគ្រប់រូបភាព ហើយដែលប្រតិបត្តិការទាំងនេះបានឈានទៅដល់ការចាប់ខ្លួន និងនិរទេសជនល្មើស និងការរុះរើគ្រឹះស្ថានមិនស្របច្បាប់បានជាបន្តបន្ទាប់៕ដោយ៖តារា










