វឌ្ឍនភាពការងារសាងសង់កំពង់ផែទឹកជ្រៅ ក្រុង ព្រះសីហនុ សម្រេចបាន ជិត៥០ % នៃផែនការគ្រោងទុក

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យោង តាម កិច្ចប្រជុំប្រចាំខែតុលាស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនិងសុវត្ថិភាពការដ្ឋាន សាង សង់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ នៃ កំពង់ផែក្រុង ព្រះសីហនុ វឌ្ឍនភាពការងារសាងសង់កំពង់ផែទឹកជ្រៅ ក្រុង ព្រះសីហនុ សម្រេចបាន ៤៧,៩០ % នៃផែនការគ្រោងទុក។

លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំប្រចាំខែតុលា ដើម្បី តាមដាន ត្រួតពិនិត្យ ពី ដំណើរការ សាងសង់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុមហ៊ុនទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV។

ប្រភព ពី មន្រ្តី កំពង់ផែស្វយ័តក្រុងព្រះសីហនុ គិត រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៥ វឌ្ឍនភាពនៃ ដំណើរការ សាងសង់ កំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី ១ សម្រេចបាន ៤៧,៩០% ខណៈតាមផែនការ គ្រោង បញ្ចប់នៅឆ្នាំ ២០២៨។ រដ្ឋាភិបាល បាន វិនិយោគទឹកប្រាក់ ប្រមាណ ៧៥០ លាន ដុល្លារ ដើម្បី អភិវឌ្ឍ កំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ទាំង ៣ ដំណាក់កាល ដើម្បី ឆ្លើយតប ទៅ កំណើន ការ ដឹក ជញ្ជូន ទំនិញតាមផ្លូវសមុទ្រ និងការ ធ្វើ ពាណិជ្ជកម្មរបស់ប្រទេស កម្ពុជា។

ការអភិវឌ្ឍ ចំណតផែ កុងតឺន័រ ថ្មីទាំង ៣ ដំណាក់កាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែ អន្តរជាតិ ខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុង តឺន័រ ធុនធំៗមានផ្លូវដឹកជញ្ជូន ពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូល ចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ។ លោកនាយករដ្ឋមន្រ្តី បញ្ជាក់។

ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ ដែលកំពុងដំណើរការ សាងសង់ មានជម្រៅទឹក ១៤,៥ ម៉ែត្រ ហើយ គ្រោង បញ្ចប់ នៅ ឆ្នាំ ២០២៨ ដែល អាច ឱ្យនា វា ប្រមាណ ៩៣ ភាគរយ ក្នុងតំបន់ចូលចតបាន ។ ចំណែក ចំណត ផែកុងតឺន័រ ទឹកជ្រៅជំហានទី ២ និងជំហានទី៣ នឹងពង្រីក តាមដំណាក់កាល បន្តបន្ទាប់ ដែល ក្រោយ បញ្ចប់ ទាំង ៣ ដំណាក់កាល ទំនិញ ពីកម្ពុជាអាច ដឹក ចេញដោយ ផ្ទាល់ ទៅបណ្តាកំពង់ផែនៅ តំបន់អឺរ៉ុបនិងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់ បណ្តាកំពង់ផែ បណ្តា ប្រទេស នៅក្នុងតំបន់ទៀត ឡើយ។

សមាគមដឹកជញ្ជូន ក៏ មើលឃើញ ពី តម្លៃ នៃ ការ អភិវឌ្ឍ សមត្ថភាព កំពង់ផែទឹកជ្រៅ ក្រុង ព្រះសីហនុ ដែល នឹង ជួយ កាត់ បន្ថយ ថ្លៃ ដឹកជញ្ជូន ធ្វើឱ្យកម្ពុជាមាន ឯករាជ្យភាព និង លើកកម្ពស់ ការប្រកួតប្រជែងកាន់តែខ្លាំងក្លាថែម ទៀត។

បច្ចុប្បន្ន ការ ដឹកជញ្ជូន នៅ កម្ពុជា មាន តម្លៃ ខ្ពស់ ដោយសារ ទំនិញ ដឹក ចេញ ចូល ប្រទេស កម្ពុជា ត្រូវ ឆ្លង កាត់ ការ លើក ដាក់នៅ កំពង់ផែ ប្រទេស ទី ៣ ដែលនេះ បង្កើន កញ្ចប់ ចំណាយ លើ ថ្លៃ ដឹក ជញ្ជូន សម្រាប់ ទំនិញ ចេញចូល កម្ពុជា ។

តាម រយៈ ការអភិវឌ្ឍ កំពង់ផែ ទឹកជ្រៅ ថ្មី របស់រដ្ឋាភិបាល ដែល គ្រោង ចំណាយ ថវិកា រហូត ដល់ ទៅជិត ១ ពាន់ លាន ដុល្លារ អាមេរិក លោក ជា ចាន់ដារ៉ា បានបញ្ជាក់ថា នឹង អាច ពង្រីក សមត្ថភាព ការ ដឹក ជញ្ជូន ទំនិញ តាម ផ្លូវ សមុទ្រ របស់ប្រទេស កម្ពុជា ឲ្យកាន់តែ មានភាព សកម្ម ឆ្លើយតប កំណើន សេដ្ឋកិច្ចនិងការ ធ្វើ ពាណិជ្ជកម្មជា អន្តរជាតិ របស់ប្រទេស កម្ពុជា ៕

...

ប្រភព ៖ (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print