នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរខួបលើកទី២២ នៃរបាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥  បានអបអរសាទរខួប លើកទី២២ នៃ របាំព្រះរាជទ្រព្យចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃ មនុស្សជាតិ ។

 របាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃ មនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី ដែលគិតមកដល់ឆ្នាំ២០២៥ គឺ មានរយៈពេល ២២ឆ្នាំហើយ។

ដូចទៅនឹងឆ្នាំមុនៗដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរខួប២២ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ និង បានគូសបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរ គ្រប់ៗរូប។

គួររំលឹកថា របាំព្រះរាជទ្រព្យ មានន័យថា របាំជាទ្រព្យប្រទាន របស់ព្រះរាជា រាជវង្សខ្មែរបង្កើត ជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់ របស់អ្នករបាំខ្មែរ ជាស្នាព្រះហស្ដ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្ដម។ របាំព្រះរាជទ្រព្យ ជារបាំប្រចាំព្រះរាជាណាចក្រកម្ពុជា មានភាពល្បីល្បាញ ខាងប្រណិតភាព នៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ មានភាពទន់ភ្លន់ ស្រស់ស្អាត គួរជាទីគយគន់ មើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថា ជា “ស្ដេចរបាំ”។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ មានភាពល្បីល្បាញ ខាងមានកាយវិកាទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។

របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និង មនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ ដោយទំនុកច្រៀង នៃក្រុមចម្រៀង «ជាពួក» ដែលមាន តួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំ ជូនរបាំ នេះដែរ។

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានចាត់ទុករបាំព្រះរាជទ្រព្យ ថា គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ ណាស់មកហើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print