ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ និងអធិការដ្ឋាននគបាលខណ្ឌចុះតាមខ្នងផ្ទះដើម្បីចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ចំនួន ១១៤សន្លឹក ស្មើនឹង១១៤នាក់ ក្នុងនោះស្រី ៦៤នាក់។
លោកអភិបាលខណ្ឌបានលើកឡើងថា ការចុះមកចែកជូនអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ នៅក្នុងឱកាសនេះ គឺដើម្បីបំផុសឲ្យ សង្កាត់ និងប៉ុស្តិ៍ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យដល់ប្រជាពលរដ្ឋដោយផ្ទាល់ដៃ ហើយដល់ខ្នងផ្ទះតែម្តង នូវអត្តសញ្ញាណប័ណ្ណដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើរួចនិងទម្លាក់មកឲ្យអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឲ្យផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងចំណេញពេលវេលា។ លោកអភិបាលក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឯកឧត្តមស្នងការ ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ដូច្នេះលោកបានចាត់ឲ្យអធិការនគរបាលខណ្ឌ សង្កាត់ ប៉ុស្តិ៍ ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានលឿន និងចុះមកចែកផ្ទាល់ដល់ដៃប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ឆាប់បានប្រើប្រាស់។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានធ្វើការសាកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋាន និងបានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ សូមត្រៀមខ្លួនដើម្បីបង្កបង្កើនផលរបស់ខ្លួនឲ្យអស់លទ្ធភាព ដោយសារបច្ចុប្បន្ននេះ យើងទទួលបានភ្លៀងធ្លាក់គ្រប់គ្រាន់ដើម្បីការងារកសិកម្ម។
បងប្អូនប្រជាពលរដ្ឋទាំងអស់ បានធ្វើការអបអរសារទរ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបាននាំយកអត្តសញ្ញាណប័ណ្ណមកចែកជូនដល់ប្រជាពលរដ្ឋ ដល់ដៃផ្ទាល់ និងដល់ខ្នងផ្ទះរបស់ពួកគាត់។ភារ៉ា ដង្កោ