ភ្នំពេញ ៖ យោងតាមញត្តិថ្កោលទោសរបស់ក្រសួងកសិកម្មចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថាការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ក្នុងភូមិព្រៃចាន់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាជនខ្មែរចំនួន១នាក់ បានបាត់បង់អាយុជីវិតនិងចំនួន៣នាក់ រងរបួស គឺជាឧក្រិដ្ឋកម្មនិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានិងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញ UN ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ក៏ដូចជារំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្រសួងកសិកម្មក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងត្រូវស្វែងរកអ្នកទទួលខុសត្រូវលើការបាញ់ប្រហារនេះដើម្បីយកមកផ្តន្ទាទោស ហើយភាគីថៃត្រូវបញ្ឈប់ការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងហើយងាកទៅគោរពបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចអន្តរជាតិទាំងឡាយ ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់តំបន់ទាំងមូល៕
ដោយ ៖ សិលា










