ខេត្តកំពង់ស្ពឺ៖ មានការិះគន់ចំៗទៅលើលោកវរសេនីយ៏ទោ ម៉ាត់ធុច ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចថាកំពុងតែសប្បាយកើបលុយពីស្តង់លក់ម៉ូតូអត់ពន្ឋជាច្រើននៅក្នុងក្រុងច្បារមនក្នុងនោះមានស្តង់ធំជាងគេ មានចំនួន២កន្លែងត្រូវបានស្គាល់ជារបស់ថៅកែធំឈ្មោះឈុន ហោ ដែលល្បីល្បាញក្នុងការរកស៊ីម៉ូតូអត់ពន្ឋជាងគេប្រចាំខេត្តកំពង់ស្ពឺដែលបានបង់លុយប្រចាំខែដល់លោកប្រធានការិយាល័យរូបនេះ។
ប្រភពពីមន្ត្រីនគរបាលដែលមិនសូវមានលាភសក្ការះនឹងគេម្នាក់បានបង្ហើបថាសព្វថ្ងៃនេះតាំងពីលោកម៉ាត់ធុច ឡើងមកកាន់ជាប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកាលណាមកគេសង្កេតឃើញថាលោកប្រធានរូបនេះមិនដែលបានបញ្ចេញស្នាដៃបង្រ្កាបឡានដឹកប្រេងគេចពន្ឋឬក៏បទល្មើសណាម្តងឡើងសូម្បីតែស្តង់លក់ម៉ូតូអត់ពន្ឋជាច្រើននៅក្រុងច្បារមនក៏លោកគ្មានសមត្ថភាពបង្រ្កាបដែរកុំថាឡើយដល់ទៅបង្រ្កាបបទល្មើសព្រៃឈើ។ប្រភពបន្តថាក្នុងនោះតាមអ្វីដែលអស់លោកជាមន្ត្រីតូចតាចបានដឹងគឺមានស្តង់ចំនួន២ដែលស្តង់ទី១-ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀត ស្ថិតនៅទល់មុខវិទ្យាល័យឆាយ ឆុប ក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ម្ចាស់ស្តង់ទាំងពីរនេះត្រូវបានស្គាល់មានឈ្មោះឈុន ហោ គឺជាអ្នករកស៊ីម៉ូតូអត់ពន្ឋធំជាងគេនៅក្រុងច្បារមន។
ប្រភពព័ត៌មានបានអោយដឹងថាម៉ូតូអត់ពន្ឋដែលដាក់លក់នៅតាមស្តង់របស់ឈ្មោះឈុនហោនេះភាគច្រើន ជាម៉ូតូម៉ាកស្មាស់ និងម៉ាកវ៉េវ ដែលក្រុមឈ្មួញបាននាំចូលមកពីច្រកព្រំដែនពីខេត្តតាកែវ បង្ហួសមកដល់ខេត្តកំពង់ស្ពឺដែលមានថៅកែឈ្មោះឈុនហោរនេះជាអ្នកចាំទទួលទិញ។ហើយដាក់តាំងលក់ព្រោងព្រាតនៅក្នុងស្តង់របស់ខ្លួន ។បើតាមប្រភពព័ត៌មានមួយទៀតបានបង្ហើបឱ្យដឹងថាសព្វថ្ងៃនេះ ម៉ូតូដែលគេដាក់លក់នៅស្តង់ទាំង២នេះ ភាគច្រើនជាម៉ូតូអត់បង់ពន្ឋ ហើយភាគច្រើនជាប្រភេទម៉ូតូ MSX (ម៉ូតូស៊េរីតូចៗ) ដែលទាំងនេះជាម៉ូតូលោតឆ័ត្រ ដឹកមកពីខេត្តកោះកុង ដោយមានឃុបឃិតគ្នាជាខ្សែសង្វាក់តាំងពីព្រំដែនរហូតមកដល់ខេត្តកំពង់ស្ពឺនេះ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋធ្វើការរិះគន់ចំៗទៅលើលោកម៉ាត់ធុច ថាអសមត្ថភាពក្នុងការបង្រ្កាបបទល្មើសផ្សេងនៅក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង។ជាងនេះទៅទៀតតាំងពីលោកម៉ាត់ធុចឡើងមកកាន់ជានាយការិយាល័យកាលណាមកគេសង្កេតឃើញថាមិនដែលមានសកម្មភាពបង្រ្កាបបទល្មើសបានមួយករណីណាឡើយកុំថាឡើយបទល្មើសប្រេងគេចពន្ឋបទល្មើសព្រៃឈើសូម្បីតែម៉ូតូអត់ពន្ឋដាក់លក់នៅនឹងមុខក៏លោកប្រធានរូបនេះមិនដែលមើលឃើញដែរ។ក្នុងនោះគេធ្លាប់ឃើញលោកម៉ាត់ធុចបញ្ជូនកូនចៅអោយចុះស្រង់ស្ថិតិផ្ទះលក់ម៉ូតូនិងឡានអត់ពន្ឋដែរតែសកម្មភាពនេះត្រូវបានលើកឡើងថាគេធ្វើឡើងគ្រាន់តែចង់អោយម្ចាស់ស្តង់ទាំងនោះស្គាល់គាត់ដែលជានាយការិយាល័យទើបនឹងឡើងថ្មីប៉ុណ្ណោះ។
ជាងនេះទៅទៀតគឺថាលោកម៉ាត់ធុចមានមនុស្សជំនិតរបស់ខ្លួន២ទៅ៣នាក់ចាំដើរប្រមូលលុយខែពីកន្លែងលក់ឡាននិងម៉ូតូអត់ពន្ឋជារៀងរាល់ខែ។តាមរយៈការនៅស្ងៀមរបស់លោកម៉ាត់ធុចនេះធ្វើអោយមជ្ឈដ្ឋាននានាយល់ឃើញថាលោកប្រធានការិយាល័យរូបនេះអសមត្ថភាពក្នុងការដឹកនាំបង្កានិងបង្រ្កាបរាល់បទល្មើសសេដ្ឋកិច្ចនានានៅក្នុងខេត្ត ជាងនេះទៅទៀតលោកម៉ាត់ធុចហាក់បីដូចជាងាប់ត្រគៀកស្តូកតែម្តងព្រោះតែស្ពាយលុយច្រើនពេកក្នុងមួយខែៗដែលលុយទាំងនេះសុទ្ឋតែជាលុយខ្មៅក្រោមតុដែលក្រុមឈ្មួញបង់ប្រចាំខែដល់លោកជាថ្នូរនឹងការមិនបង្រ្កាបទីតាំងលក់ម៉ូតូអត់ពន្ឋជាច្រើននៅក្រុងច្បារមននេះ។
ពាក់ព័ន្ឋនឹងការលើកឡើងនេះដែរ លោកឈុនហោ បានព្រលយពាក្យថាចង់ពត៌មានផ្សាយអីក៏ផ្សាយទៅលោកមិនខ្វល់ឡើយព្រោះថាលោកបានទំនាក់ទំនងជាមួយស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅកំពង់ស្ពឺនេះអស់ហើយ។ លោកទទួលស្គាល់ថាលោកពិតជាលក់ម៉ូតូអត់ពន្ឋដូចការលើកឡើងមែនតែមានចំនួនតិចតួចប៉ុណ្ណោះក្នុងស្តង់របស់លោកទាំងពីរដោយក្នុងនោះចំណូលមួយភាគធំត្រូវចែកជូនទៅអស់លោកសមត្ថកិច្ចនៅកំពង់ស្ពឺផងដែរទើបអាចដំណើរការដាក់លក់បាន។
គួរណាស់តែដល់ពេលវេលាហើយដែលអស់លោកថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ចគ្រប់ជំនាញបញ្ចេញស្នាដៃបង្រ្កាបស្តង់លក់ម៉ូតូអត់ពន្ឋទាំងនេះម្តងហើយបើបណ្តែតបណ្តោយតទៅទៀតនោះថវិការរដ្ឋនឹងកាន់តែបាត់បង់ច្រើនជាងមុនមិនខានដោយសារតែការឃុបឃិតបើកដៃអោយមានការដាក់តាំងលក់ម៉ូតូអត់ពន្ឋទាំងនេះ។
បងប្អូនប្រជាពលរដ្ឋបានសំណូមពរទៅលោកនាយឧត្តមសេនីយ៏អគ្កស្នងកានគរបាលជាតិសូមចាត់មន្រ្តីចុះមកអង្កេតករណីនិងភាពអសកម្មនេះផងបើបណ្តែតបណ្តោយតទៅទៀតថ្ងៃក្រោយអាចជះឥទ្ឋិពលអាក្រក់ដល់បុគ្គលដែលខំបម្រើជាតិនិងប្រជាជន ឬមួយក៏គួរជ្រើសរើសយកអ្នកណាដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំការិយាល័យមួយនេះដើម្បីបើកប្រតិបត្តិការបង្រ្កាបបទល្មើសផ្សេងៗដែលកើតមានក្នុងទឹកដីនៃខេត្តកំពង់ស្ពឺនេះ។
ពាក់ព័ន្ឋនឹងការលើកឡើងនិងធ្វើការរិះគន់ចំៗទៅលើលោកម៉ាត់ធុច នេះដែរនៅរសៀលថ្ងៃទី០៥សីហា២០១៥ នគរវត្តរបានព្យាយាមសុំការបកស្រាយពីលោកម៉ាត់ធុចដែរដោយលោកបានបញ្ជាក់ថាលោកមិនបានប្រើកូនចៅក្រោមឪវាទអោយចុះប្រមូលលុយប្រចាំខែពីតាមបណ្តាស្តង់លក់ម៉ូតូអត់ពន្ឋនៅក្រុងច្បារមនឡើយ។ករណីនេះលោកធ្លាប់បានលឺគេប្រាប់ដែរតែលោកមិនចាប់អារម្មណ៏ជាងនេះទៅទៀតលោកបានលើកឡើងថារឿងបង្រ្កាបនេះមិនមែនលោកចេះតែនឹកឃើញធ្វើដោយចិត្តឯងនោះទេគឺទាល់តែមានបញ្ជាពីថ្នាក់លើទើបខាងលោករៀបចំគំរោងផែនការក្នុងការបង្រ្កាប។ការបកស្រាយបែបនេះសបញ្ជាក់ថាគឺស្របទៅនឹងសំដីរបស់ឈ្មួញរកស៊ីម៉ូតូដែលលើកឡើងថាគេជួបថ្នាក់លើរួចអស់ហើយទើបបានជាថ្នាក់ការិយាល័យមិនហ៊ានបង្រ្កាបបែបនេះ៕
ដោយ៖ សេនាស័ក្តិ