ភ្នំពេញ៖ ភោជនីយដ្ឋាន ឡោងទីហ្វាង មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចដីឡូតិ៍លេខ១១៣ មហាវិថីម៉ៅសេទុង ភូមិ៦ ក្រុម៤៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៩គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រេីប្រាស់ទឹកអស់០៤គ្រឿង ស្មើរនឹង១៦ម៉ែត្រគូប, រថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ពុំបានប្រើប្រាស់ទឹក។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មបេតុង ទំហំ (៧០ម៉ែត្រ x ៧០ម៉ែត្រ) ឆេះខូចខាតម៉ាស៊ីនបឺតផ្សែងចំនួន០១, ចង្ក្រានចំអិនម្ហូបចំនួន០១ នឹងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានសំអាតចប់នៅម៉ោង ១១និង៥០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕
ដោយ៖តារា










