អ្នកនាំពាក្យក្រសួងការពារជាតិ៖​ មកដល់ថ្ងៃទី១៣ ធ្នូនេះ គឺមានរយៈពេល៧ថ្ងៃហើយ​ ដែលទាហានឈ្លានពានថៃ បានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ រថក្រោះ ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16

ចែករំលែក៖

ភ្នំពេញ៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា មកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈ ពេល៧ថ្ងៃហើយដែលទាហានឈ្លានពានថៃ បានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ រថក្រោះ ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16ជាដើម ដោយ បានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើននាក់ ខូចខាតសាលារៀន វត្ត អារាម មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀត។

ការថ្លែងបែបនេះ​របស់​លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ ក្នុងពិធី«បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា»​ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបន្តថា​ នៅយប់រំលងអាធ្រាត ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះទាហានឈ្លានពានថៃបានបន្តពង្រីកការឈ្លានពានដល់ដែនទឹកកម្ពុជា ដោយបានបើកការបាញ់ប្រហារមកលើកម្ពុជាពីនាវាចម្បាំងរបស់ខ្លួនចំនួន២០គ្រាប់ នៅខេត្តកោះកុង ហើយបានទម្លាក់គ្រាប់បែកតាមយន្តហោះចម្បាំង F-16នៅថ្មដាខេត្តពោធិសាត់ និងតំបន់ជាច្រើនទៀត នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារជាដើម។

ក្រសួងការពារជាតិកម្ពុជា​ បានបញ្ជាក់ដែរថា​ តាំងពីព្រឹកព្រលឹមថ្ងៃទី១៣​ ខែធ្នូ​នេះ កងកម្លាំង​ទាហានឈ្លានពានថៃ បានប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកកម្ទេច សណ្ឋាគារមួយកន្លែង និងស្ពានចំនួនពីរកន្លែងនៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។

...

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា៖​ «នៅវេលាម៉ោង៥ និង៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដាចំនួន១គ្រាប់,ម៉ោង០៥៖៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត, ម៉ោង០៦៖០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់,ម៉ោង០៦៖០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត, និងម៉ោង០៦៖១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់ ហើយរហូតមកដល់ពេលនេះយន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print