ភ្នំពេញ ៖ សប្បុរសជនសម្រុកនាំយកអំណោយមនុស្សធម៌ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដចែកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា
ក្រោយពីមានផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា។
ពិធីប្រគល់ទទួលនេះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
នេះធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយឯកឧត្ដម និងលោក ស្រី អភិបាលរងរាជធានី និងដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ស្នងការនរគបាលរាជធានី និងលោកឧត្តម សេនីយ៍មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
អំណោយដែលទទួលបាននាព្រឹកថ្ងៃសៅរ៍ទី១៣ធ្នូ នេះ មិនខុសពីថ្ងៃមុនៗឡើយ ដែលមានដូចជា៖ ថវិកា ត្រីខ មី ទឹកបរិសុទ្ធ អង្ក អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ខ្សែចង មួក កន្ទេល នំក្រៀម ឆ្នាំង ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសាលា ដំបូង និង ព្រះរាជ អាជ្ញារអមសាលាដំបូងរាជធានី ភ្នំពេញ, ក្រុមមេធាវី ប្រចាំសាលារាជធានីភ្នំពេញ , ក្រុមហ៊ុនកាត់ដេរ,អាជ្ញាធរខណ្ឌនានា,ពន្ធនាគារនិងបងប្អូនប្រជាពលរដ្ឋជាសប្បុរសជននានាដែលបានបានចំណាយធនធានចូលរួមឧបត្ថម្ភ តាមរយៈ រដ្ឋបាល រាជធានីភ្នំពេញ ដេីម្បីត្រៀមរៀបចំ បែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជានិងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា ។រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។
លោកបានសូមកោតសរសើតចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខនិង ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែង សុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ ខ្មែរ ។
សូមបញ្ជាក់ដែរថាលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គិតត្រឹមម៉ោង ១៨:០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាល រាជធានីភ្នំពេញ បានទទួលនូវការបរិច្ចាគអំណោយ បានសរុប ជាប្រាក់រៀលចំនួន២៩៤.៣៩០.៥៥៥ រៀលនិងប្រាក់ដុល្លារចំនួន៦៧. ៥៩៩ ដុល្លារ អាមេរិកគ និងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត៕

ដោយ៖ សំរិត









