សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមពិធីស្វាគមន៍មួយសម្រាប់ទាហានវិស្វកម្មកូរ៉េខាងជើងដែលបានត្រឡប់មកផ្ទះវិញ បន្ទាប់ពីបំពេញភារកិច្ចនៅក្នុង ប្រទេសរុស្ស៉ី។
នៅក្នុងសុន្ទរកថាមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ លោក គីម ជុងអ៊ុនបានកោតសរសើរក្រុមមន្ត្រី និងទាហានកូរ៉េខាងជើង មកពីកងពលវិស្វកម្មលេខ៥២៨ នៃកងទ័ពប្រជាជនកូរ៉េ ដែលបានបំពេញភារកិច្ចដ៏អង់អាចក្លាហាន ក្នុងការអនុវត្តតាមបញ្ជារបស់គណបក្សពលករកូរ៉េ អំឡុងការដាក់ពង្រាយទៅក្រៅប្រទេស (រុស្ស៉ី) រយៈពេល ១២០ថ្ងៃ។ តាម KCNA កងពលវិស្វកម្មលេខ ៥២៨ត្រូវបានបញ្ជូនទៅកាន់តំបន់ Kursk កាលពីដើមខែសីហាកន្លងទៅ និងបានដឹកនាំប្រតិបត្តិការប្រយុទ្ធ ក៏ដូចជា បំពេញភារកិច្ចវិស្វកម្ម អំឡុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។
កាលពីខែវិច្ឆិកា ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថាកងទ័ពកូរ៉េខាងជើងដែលបានជួយរុស្ស៉ីវាយបណ្ដេញទាហានអ៊ុយក្រែនចេញពីតំបន់ Kursk បច្ចុប្បន្នកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការសកម្មភាពដោះមីន។ នៅក្រោមកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមករវាងកូរ៉េខាងជើង និងរុស្ស៉ី កូរ៉េខាងជើងកាលពីឆ្នាំ២០២៤ បានបញ្ជូនកងទ័ពប្រហែល ១៤០០០នាក់ ឱ្យទៅជួយកងទ័ពរុស្ស៉ីវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៉ី ហើយបើតាមកូរ៉ខាងត្បូង ទាហានកូរ៉េខាងជើងជាង ៦០០០នាក់ ត្រូវបានសម្លាប់៕
រូបថត:KCNA










