អភិបាលក្រុង Providence បញ្ជាក់ថាយ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង៨នាក់រងរបួសធ្ងន់ធ្ងរនៅក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យ Brown ដ៏មានកិត្យានុភាពក្នុងអំឡុងពេលប្រឡង។
នៅល្ងាចថ្ងៃទី ១៣ ខែធ្នូ (ព្រឹកថ្ងៃទី ១៤ ខែធ្នូ ម៉ោងនៅកម្ពុជា) អភិបាលក្រុង Brett Smiley នៃ Providence រដ្ឋ Rhode Island បាននិយាយថាប៉ូលីសនៅតែកំពុងស្វែងរកអ្នកបាញ់ប្រហារ។
នៅក្នុងសន្និសីទសារព័ត៌មានមួយអភិបាលក្រុង Smiley បាននិយាយថាអ្នកបាញ់ប្រហារបានវាយប្រហារអគារវិស្វកម្ម Barus & Holley នៅសាកលវិទ្យាល័យ Brown ជាកន្លែងដែលការប្រឡងកំពុងធ្វើឡើងនៅពេលនោះ។
មន្ត្រីផ្សេងទៀតនៅក្នុងសន្និសីទសារព័ត៌មានបានប្រកាសថាប៉ូលីសកំពុងស្វែងរកជនសង្ស័យម្នាក់ ដែលជាបុរស ស្លៀកពាក់ខ្មៅ។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងមន្ត្រីសហព័ន្ធអាមេរិកផ្សេងទៀតក៏កំពុងស្ថិតនៅកន្លែងកើតហេតុផងដែរ។
សារព័ត៌មាន AFP បានដកស្រង់សម្តីរបស់ Smileyបញ្ចាក់ថា “ខ្ញុំអាចបញ្ជាក់បានថាមនុស្សពីរនាក់បានស្លាប់នៅរសៀលនេះ និងប្រាំបីនាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យើងមិនទាន់ចាប់ខ្លួនអ្នកបាញ់ប្រហារណាម្នាក់នៅឡើយទេ” ។
«ការប្រឡងបញ្ចប់កំពុងធ្វើឡើងនៅក្នុងអគារចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 ល្ងាច» នេះបើតាមការដកស្រង់សម្តីរបស់អនុប្រធានសាកលវិទ្យាល័យ Brown លោក Francis J. Doyle III។ សាកលវិទ្យាល័យបានចេញសេចក្តីជូនដំណឹងដល់និស្សិតអំពីការបាញ់ប្រហារដែលកំពុងបន្ត ហើយបានណែនាំពួកគេឱ្យជ្រកកោនរហូតដល់មានការជូនដំណឹងបន្ថែម ចាក់សោទ្វាររបស់ពួកគេ និងបិទទូរស័ព្ទរបស់ពួកគេ។
ទន្ទឹមនឹងនេះ លោក Tim O’Hara អនុប្រធានប៉ូលីស Providence បាននិយាយថា ប៉ូលីសកំពុងស្វែងរកវីដេអូឃ្លាំមើលដែលពាក់ព័ន្ធដើម្បីតាមដានជនល្មើស។ ប៉ូលីសក៏បានជំរុញឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលការបាញ់ប្រហារបានកើតឡើងពិនិត្យមើលវីដេអូកាមេរ៉ាទ្វារ ។
យោងតាម CNN ប៉ូលីសនៅតែមិនប្រាកដថាអ្នកវាយប្រហារបានប្រើអាវុធអ្វី ឬរបៀបដែលគាត់ចូលទៅក្នុងបរិវេណសាលានោះទេ។ បណ្តាញនេះបានដកស្រង់ប្រភពជាច្រើនដែលនិយាយថា ប៉ូលីសបានបាញ់ប្រហារជាមួយបុរសម្នាក់នៅចម្ងាយពីរបីប្លុកពីកន្លែងកើតហេតុ៕
រូបថត: Reuters










