ខេត្តឧត្ដរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអំពាវនាវដល់ជនភៀសសឹកឱ្យចូលរួមដាំដុះបន្លែបង្ការរួមផ្សំគ្នាដើម្បីធានាការផ្គត់ផ្គង់ស្បៀង មិនចាំបាច់តែជំនួយ ពីសប្បុរសជននោះទេ ។
លោកអភិបាលខេត្ដរមានជ័យ បានអំពាវនាវបែបនេះស្របពេលដែលប្រទេសជាតិកំពុងប្រឈម មុខនឹងស្ថាន ភាពដ៏តានតឹងដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ មកលើកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យមើលស្ថានភាពជីវភាពរស់នៅ ដីមួយកន្លែងនៅក្បែមណ្ឌលសុវត្ថិភាព ដើម្បីរៀបចំអោយជនភៀសសឹកមានឪកាសដាំដុះបន្លែបង្ការបន្ថែមរួមគ្នា ដើម្បីធានាបាននូវជីវភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ម្ហូបអាហារ និងរក្សាសន្តិសុខស្បៀង គួបផ្សំជាមួយជំនួយសប្បុរសធម៏ ក្នុងមូលដ្ឋានគ្រាអាសន្ននេះ។
ការរៀបចំដីក្បែរមណ្ឌលសុវត្ថិសម្រាប់ដាំដុះរួមគ្នានេះ ក៏ជាផ្នែកមួយនៃការស្តារនីតិសម្បទាផ្លូវចិត្ត និងពង្រឹងសាមគ្គី ភាព ក្នុងចំណោមបងប្អូនជនភៀសសឹក ជាពិសេសជន ភៀសសឹក ជាពិសេសកុមារ និងមនុស្សចាស់ ទទួលបានបន្លែស្រស់ៗគ្រប់គ្រាន់ និងកាត់បន្ថយការចំណាយទៅលើការទិញបន្លែពីខាងក្រៅ ដែលអាចឡើងថ្លៃខ្លាំងក្នុងពេលសង្គ្រាមនេះផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ គោលដៅចម្បងនៃការដាំដុះនេះ គឺដើម្បីធានាថា រាល់ទិន្នផលបន្លែបង្ការដែលប្រមូលបាន នឹងត្រូវបែងចែកជាអាទិភាពដើម្បីផ្គត់ផ្គង់ដល់របបអាហារប្រចាំថ្ងៃរបស់ក្រុមគ្រួសារជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិនេះ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនជនភៀសសឹកទាំងអស់ ដែលភាគច្រើនមានបទ ពិសោធន៍ផ្នែកកសិកម្ម សូមប្រើប្រាស់កម្លាំង និងចំណេះដឹងរបស់បងប្អូន ចូលរួមដាំដុះបន្លែរួមគ្នានៅតាមណ្ឌលដែលបានកំណត់។
សូមបញ្ជាក់ថា៖ ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះមានប្រជាពលរដ្ឋជនភៀសសឹកមកស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកចុងកាល់ ២កន្លែងសរុបចំនួន៩២៥៤គ្រួសារ ស្មើនិងចំនួន១២៤៥៧នាក់ ក្នុងនោះមនុស្សចាស់៣៥៧នាក់ និងកុមារ២៨៦នាក់ ក្នុងនោះកុមារប៉ះពាល់ការសិក្សារជាង១០០នាក់ផងដែរ។ ដោយឡែកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទូទាំងខេត្ដឧត្ដមានជ័យ មកស្នាក់បណ្ដោះអាសន្នទាំង៦កន្លែងសរុបចំនួន១២០៩៤ គ្រួសារ -ស្មើ៤១២៤១នាក់ ក្នុងនោះស្ដ្រីចំនួន១៩៨៩១នាក់ ក្នុងនោះមានកុមារ៧៦៥៣នាក់ ៕
ដោយ៖ សំរិត









