ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា រាល់ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូនរដ្ឋបាលខេត្ត គឺកើតចេញពីការស្ម័គ្រចិត្ត បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ។
ការលើកឡើងរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញបន្តទទួលអំណោយពីលោក តុប ឈុនហេង ប្រធានសាលាដំបូងខេត្ត និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ព្រមទាំងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ី សំអុល ប្រធានពន្ធនាគារខេត្ត រួមទាំងគ្រឹះស្ថានធនាគារឯកជន និងសប្បុរសជន ដែលបានយកមកប្រគល់ជូនរដ្ឋបាលខេត្ត នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់ឧបត្ថម្ភគាំទ្រដល់វីរកង ទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ ដោយសារសង្រ្គាមថៃឈ្លានពាន។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ជូនចំពោះ លោក តុប ឈុនហេង, លោក វង្ស ប៊ុនវិសុទ្ធ, លោក អ៊ី សំអុល រួមទាំងគ្រឹះស្ថានធនាគារឯកជន និងសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី ពីចោរថៃឈ្លានពាន និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន៣,២២១នាក់ ស្មើនឹង ៩០០គ្រួសារ។
លោក អភិបាលខេត្ត បន្តថា នូវរាល់ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូនទាំងអស់នេះ គឺកើតចេញពីការស្ម័គ្រចិត្ត បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ លោកបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ៕











