ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌកំបូល ស្នើឱ្យអាជ្ញាធរ ជួយស្ដារប្រឡាយលូ ដាក់បង្គោលភ្លើងបំភ្លីផ្លូវ.តបណ្ដាញទឹកស្អាត.សង់ផ្លូវបេតុង.និងសន្ដិសុខសុវត្ថិភាពសាធារណៈ ខណៈបញ្ហាសំរាមមិនបានស្នើសុំនោះទេ ។
ប្រជាពលរដ្ឋបានស្នើសុំបែបនេះ នៅក្នុងវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌកំបូល ប្រជា ពលរដ្ឋបានលើកជាសំណូមពរ ដើម្បីឱ្យអាជ្ញាធររាជធានី ក៏ដូចសាលាខណ្ឌកំបូលជួយដោះស្រាយសម្រួលដល់តម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សេង វណ្ណៈ អភិបាលរង តំណាង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះនៅវត្តកំបូល សង្កាត់កំបូល ខណ្ឌកំបូល។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានលើកឡើងថា ពាក់ព័ន្ធទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋលើការស្នើសុំអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន គឺថ្នាក់ខណ្ឌ និងសង្កាត់បានលើកគម្រោងរួចរាល់។ជាមួយគ្នានេះចំពោះសំណើស្ថាបនាផ្លូវ កម្រិតថ្នាក់រាជាធានី គឺតំណាងមន្ទីរសាធារណនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអះអាង ពីការត្រៀមបញ្ជូនមន្ត្រីជំនាញចុះទៅសិក្សាលំអិតនិងបញ្ជូនទៅឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំគោលការណ៍អនុវត្តបន្ត។
លោក សេង វណ្ណៈ អភិបាលរងរាជធានីបានទទួលយករាល់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកានេះ យកទៅពិភាក្សា និងកំណត់យកបញ្ហាអាទិភាពសំខាន់ៗ ដើម្បីដោះស្រាយជូនប្រជា ពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។
លោកបញ្ជាក់ថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ ប្រជាពលរដ្ឋ នៅមូលដ្ឋាន សង្កាត់ខណ្ឌឱ្យបានល្អប្រសើរ។ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅក្នុងខណ្ឌកំបូលនេះ គឺមានប្រជាពលរដ្ឋបានលើកជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន២០នាក់ និងជាលាយលក្ខណ៍អក្សរចំនួន៤១សំណើ។ ក្នុងរយៈពេល១ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការស្តារ កសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពរីកចម្រើនគ្រប់វិស័យ រួមមានការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការកសាងហេដ្ឋរចនាសម្ព័ន្ធកែលម្អអនាម័យ បរិស្ថាន ការផ្តល់ សេវាសាធារណៈ សកម្មភាពមនុស្សធម៌ ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ៕ ដោយ សំរិត










