ប្រទេសឥណ្ឌូណេស៊ីបានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយដើម្បីអញ្ជើញប្រទេសបន្ថែម រួមទាំងប្រទេសអូស្ត្រាលី ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដែលបានកែប្រែឡើងវិញមួយដែលមានឈ្មោះថា ស៊ីហ្គេមបូក (SEA Games Plus)។
គំនិតនេះត្រូវបានស្នើឡើងដោយលោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ី (NOC) ។
ប្រសិនបើមានការយល់ព្រម ស៊ីហ្គេមបូកនឹងរៀបចំជាលើកដំបូងនៅប្រទេសហ្វីលីពីននៅឆ្នាំ២០២៨ គឺមួយឆ្នាំបន្ទាប់ពីស៊ីហ្គេមលើកទី៣៤នៅប្រទេសម៉ាឡេស៊ី។
លោក Oktohari បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅទីស្នាក់ការកណ្តាល NOC កាលពីថ្ងៃពុធថា “យើងកំពុងទាក់ទងជាមួយប្រទេសមួយចំនួនដើម្បីចាប់ផ្តើមពង្រីកកីឡាស៊ីហ្គេម” ។ បន្ថែមលើប្រទេសអាស៊ីអាគ្នេយ៍ចំនួន 11 ប្រទេស ប៊ូតាន និងប្រទេសអូសេអានីមួយចំនួនដូចជា នូវែលហ្សេឡង់ អូស្ត្រាលី និងហ្វីជី អាចចូលរួមបាន”។
អូស្ត្រាលី និងនូវែលសេឡង់ស្ថិតក្នុងចំណោមមហាអំណាចកីឡារបស់ពិភពលោក។ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសអូស្ត្រាលីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងតារាងមេដាយសរុបជាមួយនឹងមេដាយមាសចំនួន ១៨ ប្រាក់ចំនួន ១៩ និងសំរឹទ្ធចំនួន ១៦ ដោយតាមពីក្រោយតែសហរដ្ឋអាមេរិក ចិន និងប្រទេសជប៉ុនប៉ុណ្ណោះ។ នូវែលសេឡង់ឈរនៅលេខរៀងទី ១១ ដោយទទួលបានមាស ១០ ប្រាក់ ៧ និងសំរឹទ្ធ ៣ ។
ប្រធាន NOC សង្ឃឹមថាការផ្លាស់ប្តូរនេះនឹងដើរតួនាទីជាជំហានមួយសម្រាប់អត្តពលិកដើម្បីឈានទៅប្រកួតកម្រិតខ្ពស់ជាងនេះ។ SEA Games Plus នឹងកំណត់គោលដៅថ្មីមួយដោយការផ្តោតខ្លាំងលើកីឡាអូឡាំពិក។ លោកបានអះអាងថា ទម្រង់ស៊ីហ្គេមបច្ចុប្បន្នត្រូវបានគេរៀបចំដោយប្រទេសម្ចាស់ផ្ទះផ្តល់អាទិភាពលើកីឡាដែលពួកគេមានអត្ថប្រយោជន៍៕










