ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីបានចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួសក្នុងសមរភូមិ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់, នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលត្រូវជាទិវាសន្តិភាពនៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញរៀបចំថ្វាយទៀន ធូប ផ្កាភ្ញី និងគ្រឿងរណ្ដាប់បូជា ជូនទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ដែលពិធីនេះត្រូវបានធ្វើឡើងនៅបូជនីយដ្ឋានទេពឧកញ៉ា ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
បើតាមឯកសារប្រវត្តិសាស្រ្ត នៅក្នុងសៀវភៅមហាវីរៈបុរសខ្មែរ ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ត្រូវបានចាត់ទុកជាវរជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាម ការពារទឹកដីប្រទេសកម្ពុជា។ ថ្វីត្បិតតែរូបរាងកាយទេពឧកញ៉ា និងលោកជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាជនខ្មែរទូទាំងប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។
ក្នុងឱកាសបួងសួងនាថ្ងៃនេះ សូមបារមី ទេពឧកញ៉ា និងជំទាវ ព្រមទាំងបារមីរក្សាការពារក្នុងទឹកដីនៃខេត្តពោធិ៍សាត់ និងប្រទេសកម្ពុជា សូមតាមជួយបីបាច់គ្រងរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន សន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍៕
ដោយ ៖ សិលា










