មេដឹកនាំកូរ៉េខាងជើង បានបង្កើនសមត្ថភាពការពារ និងវាយប្រហារដោយអាវុធប្រល័យលោក ប្រសិនបើប្រទេសជាតិរងការគំរាមកំហែងនោះ។ សកម្មភាពរបស់កូរ៉េខាងជើងកើតឡើង ក្រោយពេល អាមេរិកវាយប្រហារ ហើយចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថាកាលពីថ្ងៃអាទិត្យ ទី៤ ខែមករា កូរ៉េខាងជើងបានចេញមុខថ្កោលទោស ការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិក លើវ៉េណេស៊ុយអេឡា ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអធិបតេយ្យប្រទេសអាមេរិកឡាទីនមួយនេះ។
KCNA បានរាយការណ៍ ដោយស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងថា ព្រឹត្តិការណ៍វាយប្រហារខាងលើ ជាឧទាហរណ៍មួយផ្សេងទៀត ដែលបញ្ជាក់យ៉ាងច្បាស់ក្រឡែតសាជាថ្មី អំពីធម្មជាតិអាក្រក់និងឃោរឃៅរបស់សហរដ្ឋអាមេរិក។ ទីក្រុងព្យុងយ៉ាងបាននិយាយថា ស្ថានការណ៍បច្ចុប្បន្ននៅវ៉េណេស៊ុយអេឡា បានបង្កផលវិបាកយ៉ាងអន្តរាយ ចំពោះការធានានូវអត្តសញ្ញាណនៃរចនាសម្ព័ន្ធទំនាក់ទំនងក្នុងតំបន់និងអន្តរជាតិ។
សេចក្តីថ្លែងការណ៍ថ្កោលទោសនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៉ីលបាលិស្ទីគកាលពីព្រឹកថ្ងៃអាទិត្យ ពោលគឺចំថ្ងៃដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តចម្បងរបស់ទីក្រុងព្យុងយ៉ាង និងបន្ទាប់ពីយោធាអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro យកទៅសហរដ្ឋអាមេរិក អំឡុងប្រតិបត្តិការវាយប្រហារកាលពីថ្ងៃសៅរ៍៕
រូបថត: KCNA










