ក្លិប​អ្នកកាសែតកម្ពុជា៖​ អាវក្រោះ និង​មួក​សុវត្ថិភាព​ដែល​មាន​ស្លាកសញ្ញាអ្នកសារព័ត៌មាន ឬ PRESS ជា​សញ្ញា​​ដ៏​ចាំ​បាច់​បំផុត​សម្រាប់​អ្នក​សារព័ត៌មាននៅ​ពេល​​កំពុង​បំពេញ​ការងារនៅតាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ​៖​ ក្លិប​អ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែ​មករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និង​​មួក​​សុវត្ថិភាព​ជា​លើក​ទី២​ដល់​អ្នក​សារ​ព័ត៌មានចំនួន ២១រូប មកពី ២០​ស្ថាប័ន សរុបទាំង​ពីរ​លើក​មាន​ចំនួន​ជិត​១០០​​ឈុត​ដើម្បីជួយ​ការពារ​សុវត្ថិភាពដ​ល់​​អ្នក​សារព័ត៌​មាន​ដែលកំពុង​បំពេញ​ការងារ​​ព័ត៌មាន​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា-ថៃ និង​ទី​កន្លែង​ងាយ​រង​គ្រោះ​​ដ​ទៃ​ទៀត​​ក្នុង​តំបន់​រង​ការ​វាយ​ប្រហារ​ពី​ទាហាន​​​ថៃ។

ក្លិប​អ្នក​កាសែត​កម្ពុជា​ បានឱ្យដឹងថា​ អាវក្រោះ និង​មួក​សុវត្ថិភាព​ដែល​មាន​ស្លាកសញ្ញាអ្នកសារព័ត៌មាន ឬ PRESS ជា​សញ្ញា​​ដ៏​ចាំ​បាច់​បំផុត​សម្រាប់​អ្នក​សារព័ត៌មាននៅ​ពេល​​កំពុង​បំពេញ​ការងារ។

នាឱកាសនោះ​ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា ការចែកអាវក្រោះ និងមួកសុវត្ថិភាពចំនួន២លើកមកនេះ នៅតែមិនទាន់បានគ្រប់ចំនួនអ្នកសារព័ត៌មាន ដែលបាន និងកំពុងបំពេញបេសកកម្មយកព័ត៌មាននៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ឬទីកន្លែងងាយរងគ្រោះនោះឡើយ។ ប៉ុន្តែ ក្លិបអ្នកកាសែតកម្ពុជា នឹងខិតខំបន្តស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀតដើម្បីបំពេញតម្រូវការចាំបាច់របស់អ្នកសារព័ត៌មាន។

លោក​ ពុយ​ គា​ ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ជាពិសេសដល់ក្រុមហ៊ុនបុរី ប៉េងហួត ដែលបានឧបត្ថម្ភអាវក្រោះ មួកសុវត្ថិភាព និង Power Bank ដែលជាការគាំទ្រដល់សកម្មភាពរបស់អ្នកសារព័ត៌មានកម្ពុជានៅក្នុងបេសកកម្មយកព័ត៌មាននៅតាមទីកន្លែងដូចបានរៀបរាប់ខាងលើ។

បន្ថែមពីនេះ​ លោក ពុយ គា ក៏បានកោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ដែលបានខិតខំពុះពារការលំបាកធ្វើសេចក្តីរាយការណ៍ បទយកការណ៍ ផ្សព្វផ្សាយព័ត៌មានពិតជាច្រើនទាក់ទងនឹងការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ដែលនោះមិនគ្រាន់តែបង្ហាញពីតួនាទីដ៏មានសារសំខាន់សម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាង ឬកំណត់ត្រាសម្រាប់ការស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រកម្ពុជាថែមទៀត។

លោក ពុយ គា បានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានដែលចុះយកព័ត៌មានក្នុងអំឡុងពេលមានសង្រ្គាម ត្រូវបានការពារដោយច្បាប់អន្តរជាតិថា ជាជនស៊ីវិល ព្រោះពួកគាត់ដើរតួនាទីជាអ្នកផ្តល់ព័ត៌មានដល់ពិភពលោកឱ្យដឹងពីហេតុការណ៍ដែលបានកើតឡើងនិងកំពុងកើតឡើង ដោយមិនជាប់ពាក់ព័ន្ធនឹងតួនាទីជាកងទ័ព ឬកាន់អាវុធឡើយ ហើយក៏ត្រូវបានហាមមិនឱ្យផ្តល់ព័ត៌មានទាក់ទងនឹងលេណដ្ឋាន ការចល័តទ័ព ផ្តល់ព័ត៌មានបែបជាយុទ្ធសាស្រ្តទ័ព ឬបែបចារកម្ម និងព័ត៌មានទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ជនស៊ីវិល។ ល។

...

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ​ បានឱ្យដឹងដែរថា ក្នុងរយៈពេល ២១ថ្ងៃ នៃការវាយប្រហារដោយទាហានថៃ មកលើកម្ពុជា បានធ្វើឱ្យជនស៊ីវិលស្លាប់ ៣២នាក់ និងរងរបួស៩៥នាក់ ក្នុងនោះរួមទាំងអ្នកសារព័ត៌មានផងដែរ ខណៈជនភៀសសឹកសរុបមានជាង ៦៤០.០០០នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print