សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ អតីតឧត្តមសេនីយ៍មួយរូបនៃកងទ័ពអាកាសប្រទេសហ្វីលីពីន ដែលរងការចោទថា បានលើកទឹកចិត្តឱ្យកងកម្លាំងយោធា បោះបង់ចោលប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ត្រូវបានចាប់ខ្លួន ពីបទបង្កការបះបោរនាថ្ងៃចន្ទនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីម៉ានីល។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃហ្វីលីពីន លោក Jonvic Remulla បានឱ្យដឹងថា ឧត្តមសេនីយ៍ខាងលើមានឈ្មោះ Romeo Poquiz បានអំពាវនាវជាសាធារណៈ ឱ្យកងកម្លាំងប្រដាប់អាវុធដកការគាំទ្រពីលោក Marcos ចំពេលផ្ទុះរឿងអាស្រូវពុករលួយដ៏ធំសម្បើម ហើយរូបលោកត្រូវបានឃាត់ខ្លួនដោយប៉ូលិសហ្វីលីពីន ក្រោយត្រឡប់មកពីដំណើរវិស្សមកាលវិញនៅឯប្រទេសថៃ។
លោក Poquiz ដែលមានវ័យ៦៧ឆ្នាំ បានបង្ហោះសារលើ Facebook ថា រូបលោកពិតជាត្រូវបានចាប់ខ្លួនមែន ហើយបានអះអាងថា ការអំពាវនាវរបស់លោក ឱ្យយោធាដកការគាំទ្រពីលោក Marcos គឺមិនមែនជាការញុះញង់ដោយផ្ទាល់ ដើម្បីឱ្យមានការបះបោរឡើយ ប៉ុន្តែគឺជាការពិភាក្សាស្តីពីលទ្ធផលមួយ ដែលអាចកើតឡើងដោយសាររឿងអាស្រូវពុករលួយ។ អតីតឧត្តមសេនីយ៍ហ្វីលីពីនរូបនេះ បានបន្ថែមដូច្នេះថា «ប្រការនេះបង្ហាញឱ្យឃើញថា រដ្ឋាភិបាលកំពុងថ្កោលទោសអ្នកដែលនិយាយអំពីការប្រពឹត្តខុស ជាជាងអ្នកដែលកំពុងលួចលុយរបស់ប្រជាជន»។
កាលពីឆ្នាំមុន បាតុកម្មប្រឆាំងអំពើពុករលួយ បានផ្ទុះឡើងនៅក្នុងប្រទេសហ្វីលីពីន ដោយសារតែគម្រោងក្លែងក្លាយ ពាក់ព័ន្ធការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកជំនន់ ដែលត្រូវបានជឿថា ស៉ីដាច់លុយបង់ពន្ធរបស់ប្រជាជន សរុបរាប់ពាន់លានដុល្លារ។
កាលពីខែតុលា ឆ្នាំ២០២៥ ប្រមុខយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ Romeo Brawner ក៏បានឱ្យដឹងដែរថា ក្រុមមន្រ្តីយោធាចូលនិវត្តន៍មួយចំនួន ដឹកនាំដោយលោក Porquiz បានបង្ហាញការមិនពេញចិត្តចំពោះលោក Marcos ហើយបានព្យាយាមបញ្ចុះបញ្ចូលឱ្យមន្រ្តីយោធាក្មេងៗ ប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីស្តារសង្គមហ្វីលីពីនឡើងវិញ ប៉ុន្តែលោក Brawner បានបញ្ជាក់យ៉ាងមុតមាំថា យោធាគោរពនិងគាំទ្ររដ្ឋធម្មនុញ្ញរបស់ប្រទេស៕










