ខេត្តមណ្ឌលគិរី៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការឡោមព័ទ្ធ និងលុបបំបាត់បទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្ត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមួយកន្លែង នៅចំណុចរោងចំការស្វាយចន្ទី ស្ថិតក្នុងភូមិទួល ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍បានឲ្យដឹងថាប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀននិងសម្របសម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត,សហការដោយកម្លាំងការិយាល័យអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់(ប្រុស) ដែលមានទីលំនៅមកពីខេត្តក្រចេះ ព្រៃវែង និងក្នុងមូលដ្ឋានស្រុកកែវសីមាផ្ទាល់។ ក្រោយការធ្វើតេស្តទឹកនោម ជនសង្ស័យទាំង ៥ នាក់ សុទ្ធតែមាន វិជ្ជមាន (+) សារធាតុញៀនប្រភេទមេតំហ្វេតាមីន។
សមត្ថកិច្ចថា វត្ថុតាងដកហូតរួមមាន៖១. គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៣៦ កញ្ចប់ (ទម្ងន់ ៣៤.៩៤ ក្រាម)។២. ម៉ូតូចំនួន ៣ គ្រឿង។៣. ទូរស័ព្ទដៃ ២ គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ជាធរមាន៕










