ខេត្តកណ្តាល៖ លោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ, ប្រធានក្រុមការងារទទួលបន្ទុកឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង អមដោយសហការី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ងុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងលោកស្រី ផ្តល់ជូនវីរកងទ័ពជួរមុខរងរបួសដោយផ្សែងពុលចំនួន៣នាក់ និងក្រុមគ្រួសារវីរកងទ័ព ព្រមទាំងបងប្អូនជនភៀសសឹកចំនួន៥៣គ្រួសារ នៅឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង។
ក្នុងឱកាសនោះ លោក កែវ បេងវឌ្ឍន៍ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចទាំងពីរតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។ សម្តេចតែងតែព្រួយបារម្ភ ពីទុក្ខលំបាករបស់ជនភៀសសឹកនាពេលនេះ ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ដាច់ស្បៀងឡើយ។
ដោយឡែក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគិតគូរយ៉ាងម្មត់ចត់ទៅលើទុក្ខលំបាករបស់ជនភៀសសឹក និងបាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅពេលនេះ។
ទន្ទឹមនេះ លោក កែវ បេងវឌ្ឍន៍ ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋនៅគ្រប់ទិសទី បន្តសាមគ្គីជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្នេហាជាតិ និងចេះជួយគ្នាក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបទុក្ខលំបាក រួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋាន ដែលសហការគ្នាបានយ៉ាងល្អ ក្នុងការជួយដោះស្រាយក្នុងគ្រាលំបាក ជូនដល់ភៀសសឹកទាំងអស់បានទាន់ពេលវេលា៕
ដោយ៖តារា










