ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បច្ចុប្បន្នភាពនៃស្ថានការណ៍រួម មានជាអាទិ៍៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋាន វិញ។ ដូច្នេះ មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ខណៈជនភៀសសឹកចំនួន១៨៦.៧៦០នាក់ ក្នុងនោះស្ត្រី ៩៨.០២៧នាក់ និងកុមារ៦១.១៦៩នាក់ បន្តស្នាក់នៅជំរំ។
២-ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន១៧៦ មន្ទីរពេទ្យ/មណ្ឌល សុខភាព៣៣ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំងមានសមត្ថកិច្ចថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំសង្កាត់២៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៣ បានបើកដំណើរការឡើងវិញ ខណៈសាលារៀន៨៤ មន្ទីរពេទ្យមណ្ឌលសុខភាព៨ រដ្ឋបាលនៅថ្នាក់ ឃុំ-សង្កាត់១ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក ខណៈស្ថាប័នផ្តល់សេវាសាធារណៈនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការឡើងវិញ។ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព១៤ នៅបន្តបិទផ្អាក ខណៈសាលារៀន១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និងស្ថាប័នផ្តល់សេវាសាធារណៈ នៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការឡើងវិញ។
៣-ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ របាយការណ៍ទើបប្រមូលបាន ខេត្ត បាត់ដំបង ខូចខាតផ្ទះ១៣ខ្នង អគារ៣ រថយន្ត១ ម៉ូតូ៣ និងបង្គោលអង់តែនទូរសព្ទ១។ ខេត្តព្រះវិហារ ខូចខាតអគារ ស្នាក់នៅ/សណ្ឋាគារ៤ មន្ទីរពេទ្យ/មណ្ឌលសុខភាព១ វត្តអារាម២ ប្រាសាទបុរាណ១ និងផ្លូវ២កន្លែង។ ខេត្តឧត្តរមានជ័យ ខូចខាតវត្តអារាម៣ និងផ្លូវ២កន្លែង។ ខេត្តបន្ទាយមានជ័យ ខូចខាតអាងទឹកនិងប្រព័ន្ធទឹកស្អាត៦កន្លែង បណ្តាញ បញ្ជូនអគ្គិសនី៣កន្លែង វត្តអារាម៦ និងផ្លូវ២៤កន្លែង។ ខេត្តពោធិ៍សាត់ ខូចខាតអគារស្នាក់នៅ/សណ្ឋាគារ១ និង មន្ទីរពេទ្យ/មណ្ឌលសុខភាព១។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ៣៣៦ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ១០ ស្ថានីយ៍ប្រេង៣ ផ្សារឯកជន១ រថយន្ត៣៤គ្រឿង ម៉ូតូ៨គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ៣ អាងទឹកនិងប្រព័ន្ធ ទឹកស្អាត៦កន្លែង ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៥ មន្ទីរពេទ្យ/មណ្ឌលសុខភាព៩ សំណង់អគារ៤២ វត្តអារាម១៧ សាលាឆទាន១ រូបសំណាក១ រថយន្ត ១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ស្ពាន៥ ផ្សារ១ ផ្លូវ៣២ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនី៣កន្លែង។
៤-កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និង ផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក៖ ខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះ បាន។ ខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំ ផ្ទះ និងភូមិករពលរដ្ឋចំនួន១៧២ភូមិ។ ខេត្តបន្ទាយមានជ័យ មន្ត្រីកំពុងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបាន និងផ្សព្វផ្សាយអប់រំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ខេត្តបាត់ដំបង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចុះសួរសុខទុក្ខ នាំយកអំណោយ និងត្រួតពិនិត្យទីតាំងផ្ទះប្រជាពលដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងត្រៀមសហការជាមួយក្រុមការងារស៊ីម៉ាក់ (CMAC) ដើម្បីបោសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ខេត្ត ពោធិ៍សាត់ មន្ត្រីបានចុះពិនិត្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី។ ខេត្តកោះកុង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ បានកំពុងចុះ ពិនិត្យ និងផ្តល់ជំនួយគាំទ្របន្ថែមជូនពលរដ្ឋភៀសសឹកជួបការលំបាក ក្រោយវិលមកលំនៅឋានវិញ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានតាមដាននិងកត់សម្គាល់ទុកថា កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ភាគីថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿង រំលោភចូលទឹកដីកម្ពុជានៅភូមិសាស្ត្រខេត្តពោធិ៍សាត់ និង១គ្រឿងទៀត នៅភូមិសាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។ ដូចគ្នានេះដែរ នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ភាគីថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿង ហោះចេញពីមុខភូមិសាស្ត្រច្រកផ្លូវ៥៦ និង២គ្រឿង ផ្សេងទៀត ហោះកាត់ភូមិសាស្ត្រអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជារួម មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។ ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងជនភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំង ប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ជាពិសេសនៅ កំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧ ដែលការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការតាមរយៈការ បង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ។ សូមអំពាវនាវជនរួមជាតិ បង្កើនការគាំទ្រខាងទស្សនៈ ស្មារតី គោលជំហរ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងទាមទារឱ្យភាគីថៃ (១)បញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាពយោធាប្រកបដោយអរិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា (២)ដកបុគ្គលិក និងសម្ភារយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់ (៣)គោរពអាណត្តិ របស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខ័ណ្ឌសីមាព្រំដែនដោយផ្អែកលើ កិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិ និង(៤)គោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃការ ព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួម ស្តីពីសន្តិភាព និងការដោះស្រាយជម្លោះដោយ សន្តិវិធី រវាងកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តី ប្រកាសរួម នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងពេញទំហឹង និងជឿជាក់យ៉ាងស្មោះស្ម័គ្រចំពោះ សម្តេច តេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងយុទ្ធសាស្រ្តការពារជាតិ និងនយោបាយការទូត ស្របតាម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ សូមជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល ដោយរួបរួមស្មារតីជាតិខ្មែរតែមួយ ចៀសវាងចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុមជ្រុលនិយមណាមួយ ធ្វើឱ្យ ប៉ះពាល់ដល់យុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម» ដែលរាជរដ្ឋាភិបាលបានកំពុងអនុវត្ត ដើម្បីធានាសន្តិភាពយូរអង្វែង ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឱ្យខានតែបាន។ សូមជនរួមជាតិ បន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅ៕
ដោយ៖តារា










