ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលស្វាគមន៍និងពិភាក្សាការងារជាមួយ
លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា នាបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងជំនួបពិភាក្សានោះ នាយឧត្ដមសេនីយ៍ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា ជ្រាបអំពីប្រវត្តិខ្លះៗនៃការងារបណ្តុះបណ្តាលជាមួយស្ថាប័ននានានៅសាធារណរដ្ឋឥណ្ឌា រវាងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ផងដែរ។
ជាបន្ត នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ជ្រាបដែរថា នៅឆ្នាំ២០២៥ កន្លងមកនេះ ស្ថានទូតឥណ្ឌា បានជួយសម្របសម្រួលក្នុងការចាត់បញ្ជូនគ្រូនគរបាលជាតិនៃបណ្ឌិត្យសភា ចំនួន៤នាក់ ចូលរួមវគ្គបណ្តុះបណ្តាលនៅសាកលវិទ្យាល័យរ៉ាស់ស្រ្ទីយ៉ារ័កហ្សា នៃសាធារណរដ្ឋឥណ្ឌា ស្តីពី៖
ទី១- «ការទប់ស្កាត់ការគំរាមកំហែងនៃការជួញដូរមនុស្ស»
ទី២- «បច្ចេកទេសក្នុងការកំណត់អត្តសញ្ញាណជនល្មើស» និង
ទី៣-«ការអប់រំកែប្រែនិងការស្តារនីតិសម្បទា ជនល្មើស»។
នៅឆ្នាំ២០២៦នេះ បណ្ឌិត្យសភានគរបាលកម្ពុជានិងសាកលវិទ្យាល័យរ៉ាស់ស្រ្ទីយ៉ារ័កហ្សា នឹងបើកវគ្គបណ្តុះបណ្តាលផ្ទាល់និងអនឡាញ រួមមាន៖
– វគ្គបណ្តុះបណ្តាលផ្ទាល់ ស្តីពី «AI សម្រាប់ការស៊ើបអង្កេត» នៅបណ្ឌិត្យសភា
– វគ្គបណ្តុះបណ្តាលខ្លីៗ តាមប្រព័ន្ធអនឡាញ ចំនួន១០វគ្គទៀត រួមមាន៖
ទី១ – វគ្គបណ្តុះបណ្តាលស្តីពី «វិទ្យាសាស្រ្តស្នាមខ្ចៅដៃនិងការសម្ភាសកសាងសំណុំរឿង»
ទី២- «ការស៊ើបអង្កេតបទល្មើសឆបោកហិរញ្ញវត្ថុ»
ទី៣-«សុខុមាលភាពផ្លូវចិត្តនិងការគ្រប់គ្រងភាពតានតឹងសម្រាប់មន្ត្រីអនុវត្តច្បាប់និងមន្រ្តីយោធា»
ទី៤- «ការងារនគរបាលតាមបែបឆ្លាតវៃ និងដែលអាចស្មានទុកជាមុនបាន»
ទី៥- «ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ»
ទី៦- «ការប្រឆាំងការបះបោរ និងប្រឆាំងភេរវកម្ម»
ទី៧- «វិធីសាស្រ្តស៊ើបអង្កេតតាមបែបចិត្តវិទ្យា»
ទី៨- «ការអប់រំកែប្រែ និងការស្តារនីតិសម្បទាជនល្មើស»
ទី៩- «សន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា» និង
ទី១០- វគ្គបណ្តុះបណ្តាលស្តីពី «កោសល្យវិច័យតាមប្រព័ន្ធទូរសព្ទដៃ»។
ឆ្លៀតក្នុងឱកាសនេះ តាងនាម បណ្ឌិត្យសភានគរបាលកម្ពុជា នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានស្នើសុំឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា បន្តជួយគាំទ្រលើកិច្ចសហការអប់រំបណ្តុះ បណ្តាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា បន្តទៀត និងបានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាល រវាងបណ្ឌិត្យសភានគរបាលកម្ពុជានិងស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា នឹងកាន់តែមានភាពស៊ីជម្រៅនិងផ្តល់នូវអត្ថប្រយោជន៍ជូនគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់គ្នា ស្និទ្ធស្នាល សាមគ្គីភាព និងភាតរភាព៕
ប្រភព ៖ បណ្ឌិត្យសភានគរបាលកម្ពុជា










