ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ នៅខណ្ឌបឹងកេងកង ដោយឃាត់ខ្លួនជនដៃដល់ជនជាតិចិនម្នាក់ និងរំដោះនារីរងគ្រោះជនជាតិខ្មែរម្នាក់។
មន្ត្រីនគរបាលបានឲ្យដឹងថា កម្លាំងជំនាញបានចុះឆែក ឆេរអាគារលេខ ៦២៣ AGILE SKY RESIDENCE នៅផ្លូវមុនីវង្ស ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាក់ស្ដែងកម្លាំងចម្រុះបានឆែកឆេរបន្ទប់លេខA36-16 និងបន្ទប់លេខ A36- 17 ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ពាក់ព័ន្ធក្នុងករណីឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារ ប្រាក់ចំនួន៥,០០០ដុល្លារ។
ជនសង្ស័យឈ្មោះ REN XIAOPENG អាយុ៤២ឆ្នាំ ជនជាតិចិនស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36-17 ជាន់ទី36។ រីឯជនរងគ្រោះឈ្មោះ ហួរ គឹមហួ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។
ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះ និងជនសង្ស័យ បានចូលមកស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36 -17 ជាន់ ទី36 អាគារខាងលើ។ លុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះឆាតទៅទារលុយបងស្រីបង្កើតជនរងគ្រោះចំនួន៥,០០០ ដុល្លារ។ បន្ទាប់មកបងស្រីរបស់ជនរងគ្រោះ បានមករាយការណ៍ នកងដាក់ពាក្យប្តឹងនៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣។
សម្ភារដកហូតរួមមាន លិខិតឆ្លងដែនចំនួន០១ច្បាប់, សៀវភៅការងារជនបរទេសចំនួន០១សន្លឹក,ម្សៅម៉ត់សចំនួន២កញ្ចប់ (សង្ស័យថាគ្រឿងញៀន), ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច២ ធំ២(សង្ស័យថាគ្រឿង ញៀន), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២, ថ្នាំគ្រាប់អក្សរwwy ចំនួន១២គ្រាប់, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួន និងខ្សែច្រវ៉ាក់ដែកអ៊ីណុកពណ៌សប្រវែងជាង១ម៉ែត្រ។
ជនសង្ស័យ រួមនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕










