ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកញៀននឹងល្បែងបញ្ជល់មាន់៩នាក់ ដែលគេមើលឃើញថា បានប្រព្រឹត្តបទល្មើស (ជល់មាន់) ផ្គើននឹងការព្រមានរបស់លោកអភិបាលខេត្ត ត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅប្រគល់ជូនតុលាការចាត់ ការតាមនីតិវិធី ជាមួយនឹងវត្ថុតាងផង ក្រោយបញ្ចប់ការកសាងសំណុំរឿងនៅអធិការក្រងបាត់ដំបង ។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង បានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំង០៩នាក់នោះ ត្រូវបានបង្ក្រាបដោយកម្លាំងអធិការក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី២៦ មករា ។ ពេលនេះ មន្ត្រីជំនាញបានបញ្ចប់នីតិវិធីសួរនាំ និងបានបញ្ជាពួកគេមកដល់ស្នងការខេត្តហើយ ។
លោកបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ មករា នេះ មន្ត្រីការិយាល័យជំនាញនៃស្នងការខេត្ត បានរៀបចំសំណុំ រឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីរបស់តុលាការ ។ តាមរបាយការណ៍អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន ឲ្យដឹងថា កម្លាំងជំនាញរបស់លោកបានឆ្មក់ចូលបង្ក្រាប ក្នុងគ្រាដែលក្រុមអ្នកវីវក់នឹងល្បែងជល់មាន់ទាំងនោះ កំពុងប្រមូលផ្ដុំគ្នាជល់មាន់នៅក្នុងរោងមួយកន្លែងដែលបិទ ទ្វាររបងជិត ស្ថិតក្នុងភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ដែលជាល្បែងស៊ីសងខុសច្បាប់ និងបានផ្គើនទៅនឹងការព្រមានក្ដៅៗពីសំណាក់លោកអភិបាលខេត្ត ។
បើតាមរបាយការណ៍អធិការក្រុងបាត់ដំបងដដែល ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង០៩នាក់រួមមាន៖ ១-ឈ្មោះរឿប សីហា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ២-ឈ្មោះហម ម៉ៅ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិគ្រូស ឃុំអន្លង់រុន ស្រុកថ្មគោល ៣-ឈ្មោះហ៊ូ សុជា ភេទប្រុស អាយុ៤០ឆ្នាំ ៤-ឈ្មោះហឿង សុផុន ភេទប្រុសអាយុ៦៤ឆ្នាំ (២នាក់នេះ) នៅភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ៥-ឈ្មោះអ៊ុម សំណាង ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិកកោះ ឃុំអូរតាគិ ស្រុកថ្មគោល ៦-ឈ្មោះរុន រក្សា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិទំនប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ៧-ឈ្មោះវន សារ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិអូរចា សង្កាត់អូរចា ៨-ឈ្មោះវង់ កក្កដា ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិកាប់គោថ្មី សង្កាត់អូរចា និង៩-ឈ្មោះ លាង ពក ភេទប្រុសអាយុ៧២ឆ្នាំ នៅភូមិតាលាស់ ឃុំតាលាស់ ស្រុកមោងប្ញស្សី ។
ជាមួយនឹងការឃាត់ខ្លួនជនញៀនល្បែងចំនួន០៩នាក់នេះ វត្ថុតាងដែលក្រុមនេះនាំគ្នាប្រព្រឹត្ត ហើយត្រូវបានសមត្ថកិច្ចរឹបអូសបាននៅនឹងកន្លែងជាក់ស្ដែងរួមមាន៖ អាគកចំនួន១៥ក្បាល(មាន់ជល់) ម៉ូតូចំនួន១០គ្រឿង ប្រាក់ខ្មែរចំនួន៨០ម៉ឺនរៀល ជញ្ជីងសម្រាប់ថ្លឹងមាន់ផ្គូរផ្គងចំនួន០១នាឡិកាសម្រាប់កំណត់ពេលវេលាជល់ចំនួន០១ សង្វៀនសម្រាប់ជល់មាន់ចំនួន០១ ស៊ុមក្រុងមាន់ជល់ចំនួន០៧ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។
នៅក្នុងរបាយការណ៍ គេបាននិយាយតែឈ្មោះអ្នកញៀនល្បែងដែលត្រូវឃាត់ខ្លួន តែគេមិនប្រាប់ឈ្មោះម្ចាស់សង្វៀនជល់មាន់ដ៏គឃ្លើននេះទេ ហើយក៏មិនបបានបញ្ជាក់ថា ជនណាម្នាក់សង្វៀននេះដែរ ។ ប៉ុន្តែបើតាមប្រភពដែលទម្លុះទម្លាយដោយពលរដ្ឋក្នុងមូលដ្ឋាន ឬ អ្នកធ្លាប់បីមាន់យកទៅប្រយុទ្ធក្នុងសង្វៀននេះ បានចង្អុលចំៗថា ម្ចាស់សង្វៀនបញ្ជល់មាន់ដុះស្លែនោះឈ្មោះ គី តែអ្នកស្រុក ឬអ្នកជល់មាន់ទម្លាប់ហៅគាត់ថា «គីពេជ្រ» ។ លោកដង្ខៅគីពេជ្រ បានបើកសង្វៀនមាន់នេះច្រើនឆ្នាំកន្លងមកហើយ៕










