ខេត្តបាត់ដំបង៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកពន្ធនាគារ ផ្ដាំដល់មន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យបន្ដពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជាមួយនឹងការបង្កើននូវការត្រួតពិនិត្យលើជនជាប់ឃុំ ។ ការណែនាំបែបនេះរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈឹម ចំណាន ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានពន្ធនាគារថ្មីខេត្តបាត់ដំបង ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សំអុល ធារិទ្ធ ដែលត្រូវចូលនិវត្តន៍។
នៅក្នុងពិធីខាងលើ លោក ឈន សាណាត បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យមានការរួមគ្នារក្សាឱ្យបាននូវស្ថានភាពជាវិជ្ជមាន សុខដុមបនីយកម្ម និងប្រក្រតីភាពនៅកន្លែងការងារ រក្សាឱ្យបានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ បំពេញការងារតាមឋានានុក្រម មុខងារ ភារកិច្ចដែលបានបែងចែក និងការទទួលខុសត្រូវ ដើម្បីធានាប្រសិទ្ធភាពការងារ ព្រមជាមួយគោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចភាព និងតម្លាភាព។
លោកអគ្គនាយកពន្ធនាគារ បានផ្ដាំដល់ពន្ធនាគារខេត្តបាត់ដំបងទាំងអស់បន្តលើកកម្ពស់អនុវត្តច្បាប់ ក៏ដូចជាការពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារៈហាមឃាត់ចូលទៅក្នុងពន្ធនាគារ ជាពិសេសគ្រឿងញៀន ទូរស័ព្ទដៃ និងសម្ភារបង្ក ហានីភ័យ ដែលជនជាប់ឃុំអាចប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តសកម្មភាពល្មើស។
បន្ថែមពីនេះ គឺបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ បន្ទប់ឃុំឃាំង និងនៅក្នុងបរិវេណពន្ធនាគារ ត្រូវធានាឱ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។ ខណៈការធានានូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ក៏ជាចំណុចសំខាន់ ដែលលោក ឈន សាណាត បានលើកឡើងជាការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបាត់ដំបងទាំងអស់។
ក្រោយបញ្ចប់កម្មវិធី លោក ឈន សាណាត ក៏បានចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារ ហេដ្ឋារចនាសម្ព័ន្ធ និងជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារ និងជនជាប់ឃុំក្នុងពន្ធនាគារខេត្តបាត់ដំបងផងដែរ៕
ដោយ៖តារា










