ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មានអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃចំនួន១៣ហើយ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ សន្និបាតនេះត្រូវបានរៀបចំជាបន្តបន្ទាប់ នៅទីស្ដីការក្រសួងមហាផ្ទៃ មុនឈានទៅដល់សន្និបាតក្រសួងដែលគ្រោងធ្វើឡើងនាពេលខាងមុខនេះ។
បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លទ្ធផលនៃសន្និបាតអគ្គនាយកដ្ឋាននិងអង្គភាពចំណុះ រួមទាំងរដ្ឋបាលរាជធានី-ខេត្ត នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ និងចាំបាច់ សម្រាប់សន្និបាតក្រសួងមហាផ្ទៃ ដែលបើគ្មានការប្រែប្រួលទេនោះ ក្រសួងមហាផ្ទៃ និងរៀបចំសន្និបាតនៅអំឡុងដើមខែកុម្ភៈខាងមុខនេះហើយ។
អគ្គនាយកដ្ឋាន និងអង្គភាពចំណុះ ក្រសួងមហាផ្ទៃ ដែលបានកំពុងរៀបចំសន្និបាតជាបន្តបន្ទាប់ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គនាយកដ្ឋានពន្ធនាគារ ក្រុមប្រឹក្សានីតិកម្ម អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡា និងសាលាជាតិរដ្ឋបាលមូលដ្ឋានជាដើម។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ភារកិច្ច ជូនលោករដ្ឋលេខាធិការទទួលបន្ទុក តាមអគ្គនាយកដ្ឋាន និងអង្គភាពចំណុះនីមួយៗ អញ្ជើញបិទសន្និបាត ដោយផ្ដល់អនុសាសន៍គន្លឹះ និងគោលការណ៍ណែនាំសំខាន់ៗ ដើម្បីពង្រឹងបន្ថែមទៀត គុណភាពនៃការអនុវត្តតួនាទីនិងភារកិច្ចស្របតាមផែនការយុទ្ធសាស្ត្រ ក្រសួងមហាផ្ទៃ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
ដោយ៖តារា










