ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី១៤ ខែកុម្ភៈ គឺជាថ្ងៃទិវានៃក្តីស្រលាញ់ មនុស្សគ្រប់គ្នាតែងតែគិតល្អធ្វើល្អចំពោះអាណាព្យាបាល ឪពុកម្តាយ និងមនុស្សជាទីស្រលាញ់។ ដោយឡែក កូនប្រុសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន ខណៈដែលខឹងសុំលុយឪពុកម្តាយមិនបាន កើតចិត្តខឹងយកដុំថ្ម និងទាញប៉ែលវាយទៅលើលោកឪពុក អ្នកម្តាយបណ្តាលឱ្យរងរបួស សាច់ ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។
ការឃាត់ខ្លួនកូនចិត្តតិរច្ឆានវាយអ្នកមានគុណបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចំថ្ងៃទិវានៃក្តីស្រលាញ់ ស្ថិតនៅក្នុងភូមិដក់ពរ ឃុំវល្លិសរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនកូនប្រុសចិត្តិរច្ឆានវាយឪពុកម្តាយ គឺនៅវេលាម៉ោង៩និង៥៣នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានឈ្មោះ ស្ងួន ថាន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិដក់ពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹងទៅលើកូនឈ្មោះ ស្ងួន ពន្លក ហៅលក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅជាមួយគ្នា។
នៅក្នុងពាក្យបណ្តឹងរៀបរាប់ថា នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ខ្លួនកំពុងឈរនៅមុខផ្ទះ កូន ប្រុសក៏បានមកសុំលុយ១ម៉ឺនររៀល ពីម្ដាយឈ្មោះ ស៊ិន អាន អាយុ ៥៦ឆ្នាំ ម្ដាយមិនមានលុយឱ្យ កូនប្រុសបានរករឿងនឹងបានយកដុំថ្មគប់ និងយកប៉ែលវាយមកលើខ្លួន(ជាឪពុកម្ដាយ បណ្ដាលឱ្យរងរបួសតែម្តង)។
នគរបាលស្រុកសំរោងទងបានបន្តឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីបុរសជាឪពុកខាងលើរួចមកនៅវេលាម៉ោង០៣និង៥០នាទី រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទងសហការជាមួយកម្លាំងប៉ុស្ដិនគរបាលរដ្ឋបាលឃុំវល្លិសរ បានឃាត់ខ្លួនជនដៃដល់ជាកូនមានឈ្មោះ ស្ងួន ពន្លក
(ហៅលក) យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ជនដៃដល់ជាកូនបានឆ្លើយសារភាពថារូបខ្លួនពិតជាបានវាយទៅលើឪពុកម្ដាយពិត ប្រាកដមែន ព្រោះតែខឹងសុំលុយពីឪពុកម្តាយមិនបាន។
បច្ចុប្បន្នជនដៃដល់ជាកូនត្រូវបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំរោងទងជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕










