ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណ:កំពុងជិះម៉ូតូឌុបគ្នាចេញពីធ្វើការ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីទៀបភ្លឺព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅផ្លូវលេខ៩៩ កែងនឹងផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះខាងលើមានឈ្មោះ ហេង សុភី អាយុ៣០ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើជិះម៉ូតូមួយគ្រឿង
ម៉ាកឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ពោធិសាត់ 1L-9903 ជិះឌុបគ្នាពីលិចទៅកើត លុះមកដល់ផ្លូវបំបែកជាបួនក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើង បានបុកអ្នកជិះម៉ូតូទាំង២នាក់ខាងលើបណ្តាលអោយស្លាប់អ្នកឌុបម្នាក់ចំណែកអ្នកជិះខាងក្រោយរងរបួសស្រាល។
បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌចំការមនចុះមកវាស់វែងនិងពិនិត្យកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើដើម្បីស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបររថយន្តបង្កយកមកចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ។
ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ÷ចន្ទ លីហ្សា










