ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបងប្អូននិយម បណ្តាញសង្គម មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានអ្នក សារព័ត៌មាន ផេកហ្វេសប៊ុកមួយចំនួន បានចុះផ្សាយខ្លឹមសារពាក់ព័ន្ធ មន្ត្រីនគរបាលចរាចរណ៍ស្រុក សន្ទុក ចុះរឹតបន្ដឹងច្បាប់ចរាចរណ៍ ស្ថិតនៅចំណុច ភូមិរាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
អ្នកនាំពាក្យ សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបងប្អូននិយមបណ្តាញ សង្គម មេត្តាជ្រាបថា កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យ ផ្សព្វផ្សាយ អប់រំ ពិតប្រាកដមែន តែពុំបានផាកពិន័យដល់អ្នកបើកបរ មធ្យោបាយទាំងអស់នោះទេ គ្រាន់តែបានធ្វើការអប់រំ ណែនាំតែប៉ុណ្ណោះ ។ ហើយក៏គ្មានគោលការណ៍ ពីថ្នាក់ដឹកនាំ ឱ្យចុះរឹតបន្តឹង លើផ្លូវលំ (ផ្លូវដី) នោះដែរ ។
ដូចនេះ ស្នងការនគរបាលខេត្ត បានធ្វើការណែនាំបន្ថែម ដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ ចំពោះការរឹតបន្ដឹងច្បាប់ចរាចរណ៍ ឱ្យអនុវត្តនៅតាម ផ្លូវកៅស៊ូ និងផ្លូវជាតិ តែប៉ុណ្ណោះ ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងបងប្អូននិយមលេង បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា










