ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦
– សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
– បងប្អូនជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមចូលរួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិ ជាទី គោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៨ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់មួយ ដែលប្រជាជាតិកម្ពុជាតែងតែប្រារព្ធឡើង ជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាល សម្បត្តិវប្បធម៌ជាតិ។ កេរដំណែលវប្បធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យ រហូតមកដល់សព្វថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំ នៃអត្តសញ្ញាណជាតិកម្ពុជា និងជាមធ្យោបាយឈ្នះដើម្បីការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។ យើងប្រារព្ធទិវាវប្បធម៌ជាតិទាំងអស់គ្នាដើម្បីលើកកម្ពស់ មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។
ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិ បានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សា ព្រមទាំងអភិរក្សវប្បធម៌ជាតិ ជាពិសេសជាឱកាសជំរុញតួនាទីស្នូលដ៏សំខាន់របស់យុវជនបន្តវេន ជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិ ដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។
សូមឧទ្ទិសឱ្យ ទិវាវប្បធម៌ជាតិ ស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប ស្របតាម ទិសស្លោក វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរ និងប្រសិទ្ធពរ បវរមហាប្រសើរ ថ្វាយ សម្តេច ព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូន បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ : សិលា










