តើស្ថានភាពជម្លោះអាចមានន័យយ៉ាងដូចម្តេចសម្រាប់អ៊ីរ៉ង់ ,សហរដ្ឋអាមេរិក, និង FIFAនៅWorld Cup ដែលនឹងចាប់ផ្តើមក្នុងរយៈពេលបីខែទៀត?

ចែករំលែក៖

ក្នុងរយៈពេលជាង ១០០ ថ្ងៃខាងមុខ សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះរួមរៀបចំការប្រកួតបាល់ទាត់ពិភពលោក ដែលក្រុមជម្រើសជាតិអ៊ីរ៉ង់បានកក់កៅអីចូលរួចហើយ។

 

កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់ ជាផ្នែកមួយនៃប្រតិបត្តិការរួមជាមួយអ៊ីស្រាអែល បណ្តាលឲ្យមានការវាយតបតាមក្រោយនៅទូទាំងតំបន់មជ្ឈឹមបូព៌ា។

 

ដូច្នេះ ស្ថានភាពជម្លោះនេះអាចមានន័យយ៉ាងដូចម្តេចសម្រាប់អ៊ីរ៉ង់ សម្រាប់ FIFA និងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ដែលត្រូវបានគេរំពឹងថានឹងមានភាពនយោបាយខ្ពស់ស្រាប់ទៅហើយ?

 

តើអ៊ីរ៉ង់នឹងនៅតែចូលរួមការប្រកួតបាល់ទាត់ពិភពលោកឬទេ?

 

អ៊ីរ៉ង់ត្រូវប្រកួតជាក្រុមជាមួយ នូវែលសេឡង់ និងបែលហ្ស៊ិក នៅទីក្រុងឡូសអាន់ជេលេស បន្ទាប់មកជាមួយអេហ្ស៊ីប នៅទីក្រុងស៊ីអាតថល ក្នុងការប្រកួតពិភពលោកលើកទី៤ជាប់ៗគ្នារបស់ពួកគេ។

 

កាលពីរដូវក្តៅមុន ពេលសហរដ្ឋអាមេរិកវាយប្រហារទីតាំងនុយក្លេអ៊ែរចំនួនបីនៅអ៊ីរ៉ង់ ក្រុមជម្រើសជាតិមិនត្រូវបានដកចេញពីការប្រកួតនោះទេ។ ប៉ុន្តែថ្មីៗនេះ ប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ត្រូវបានរាយការណ៍ថាបានបង្ហាញការស្ទាក់ស្ទើរអំពីការចូលរួមរបស់ក្រុម។

 

លោក Mehdi Taj ត្រូវបានសារព័ត៌មានអ៊ីរ៉ង់រាយការណ៍ថាបាននិយាយថា៖«ជាមួយអ្វីដែលបានកើតឡើង… និងការវាយប្រហារដោយសហរដ្ឋអាមេរិក វាមិនទំនងទេដែលយើងអាចរង់ចាំការប្រកួតបាល់ទាត់ពិភពលោកបាន ប៉ុន្តែការសម្រេចចិត្តស្ថិតនៅលើមេដឹកនាំកីឡា»។

 

ទោះជាយ៉ាងណា បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងភាពមិនច្បាស់លាស់យ៉ាងខ្លាំងអំពីអនាគតនយោបាយក្នុងប្រទេស ការទស្សន៍ទាយអំពីសេចក្តីសម្រេចបែបនេះ — ឬសូម្បីតែអ្នកណាជាអ្នកសម្រេច — គឺមិនអាចធ្វើបានឡើយ។

 

លោកបណ្ឌិត Sanam Vakil នាយកកម្មវិធីមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង បាននិយាយថា៖«សម្រាប់ទីក្រុងតេហេរ៉ង់ នេះមិនមែនជាសង្គ្រាមខ្លី ១២ ថ្ងៃ ឬជាការកើនឡើងជម្លោះដែលអាចផ្អាកហើយកំណត់ឡើងវិញបានទេ។ ដំណាក់កាលថ្មីនេះជាស្ថានភាពប៉ះពាល់ដល់ការរស់រានមានជីវិតរបស់របប ហើយវាមិនទំនងនឹងបញ្ចប់ឆាប់ៗឡើយ»។

 

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ថា កំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ ប៉ុន្តែបច្ចុប្បន្ន មន្ត្រីខាងក្នុងរំពឹងថា អ៊ីរ៉ង់នឹងចូលរួមការប្រកួត។

 

BBC Sport បានសួរ FIFA ថា តើនឹងធ្វើដូចម្តេច ប្រសិនបើអ៊ីរ៉ង់បដិសេធចូលរួមការប្រកួត ខណៈមានការសន្និដ្ឋានថា អាចជំនួសដោយក្រុមផ្សេងពីសហព័ន្ធបាល់ទាត់អាស៊ី (AFC)។

ក្នុងករណីនោះ អ៊ីរ៉ាក់ — ដែលអាចមានឱកាសឆ្លងកាត់ការប្រកួតជម្រុះតាមទ្វីបនៅចុងខែនេះ — ឬ អារ៉ាប់អេមីរ៉ាត ដែលខកខានការជម្រុះ អាចក្លាយជាជម្រើសសម្រាប់ជំនួស។

 

នៅពេលដំណាលគ្នា ក្រុមបាល់ទាត់នារីអ៊ីរ៉ង់កំពុងត្រៀមសម្រាប់ការប្រកួត Asia Cup លើកដំបូងរបស់ពួកគេនៅប្រទេសអូស្ត្រាលី ដោយក្រុមកំពុងហ្វឹកហាត់តាមផែនការនៅ Gold Coast កាលពីថ្ងៃអាទិត្យ។

 

AFC បានចេញសេចក្តីថ្លែងការណ៍ថា កំពុង «តាមដានយ៉ាងជិតស្និទ្ធនូវការវិវត្តថ្មីៗនៅតំបន់មជ្ឈឹមបូព៌ា ក្នុងអំឡុងពេលដ៏លំបាកនេះ… ហើយយើងកំពុងទំនាក់ទំនងជាប្រចាំជាមួយក្រុមជម្រើសជាតិនារីអ៊ីរ៉ង់ និងមន្ត្រីនៅ Gold Coast ដោយផ្តល់ការគាំទ្រពេញលេញ»។

...

 

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីថ្ងៃអាទិត្យ គ្រូបង្វឹកអ៊ីរ៉ង់ លោកស្រី Marziyeh Jafari បានផ្តោតលើបាល់ទាត់ ដោយនិយាយថា ការប្រកួតនេះជាឱកាសបង្ហាញ «សក្តានុពលរបស់ស្ត្រីអ៊ីរ៉ង់»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print