UN : នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅក្នុងសម័យ ប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាលើរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សដោយបានបញ្ជាក់ថាសន្តិភាពនិងសន្តិសុខមិនមែនជាគោលបំណងតុប តែងនោះទេប៉ុន្តែជាសសរគ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងជាមូលដ្ឋានសម្រាប់ការអនុវត្តសិទ្ធិមនុស្សទាំងអស់។ នៅពេលសន្តិភាពដួលរលំ ច្បាប់ក៏ស្ងៀមស្ងាត់ ហើយសិទ្ធិមនុស្សប្រឈមនឹងការក្លាយជាសន្យាទទេ។
លោកឯកអគ្គរាជទូត អុិន តារា ក៏បានគូសរំលេចថា
ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានអនុវត្តប្រតិបត្តិការយោធាបន្តបន្ទាប់នៅតាមផ្នែកជាច្រើននៃតំបន់ព្រំដែនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិលនិងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ ផលប៉ះពាល់លើមនុស្សមានភាពធ្ងន់ធ្ងរ៖ ការបាត់បង់ជីវិតស៊ីវិល ការ បំផ្លាញលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធ ការលួចប្លន់ ការបង្ខំឱ្យចាកចេញនិងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ។ ខ្សែលួសបន្លានិងកុងតឺន័រនៅតែបន្តរារាំងការចូលទៅកាន់ផ្ទះនិងភូមិធ្វើឱ្យការវិលត្រឡប់ដោយសុវត្ថិភាពនិងមានកិត្តិយសកាន់តែពិបាកនិងបន្ថែមការរងទុក្ខរបស់ជនស៊ីវិល។
លោកឯកអគ្គរាជទូត អុិន តារា ក៏បានគូសបញ្ជាក់ថា
យើងកំពុងប្រឈមមុខនឹងការប្រែបំលែងគោលការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយ៖ ច្បាប់ត្រូវបានចាត់ទុកថាជាជម្រើស សន្តិភាពត្រូវបានធ្វើឱ្យអាចចរចា និងការប្រើកម្លាំងត្រូវបានបង្ហាញថាជាមធ្យោបាយងាយស្រួល។ ធម្មនុញ្ញមិនត្រូវបានរៀបចំឡើងសម្រាប់ការអនុវត្តជ្រើសរើសនោះទេហើយក៏មិនមែនដើម្បីផ្តល់សុពលភាពដល់ស្ថានការណ៍ដែលបានបង្កើតរួចដោយការប្រើប្រាស់កម្លាំងនោះដែរ។ ការបង្ខិតបង្ខំមិនអាចនាំមកនូវសន្តិភាពបានទេហើយការកាន់កាប់មិនអាចផ្តល់សុពលភាពផ្លូវច្បាប់បានឡើយ។
លោកឯកអគ្គរាជទូត អុិន តារា ក៏បានសង្កត់ធ្ងន់ថា
កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សានេះឱ្យលើកតម្កើងច្បាប់លើការប្រើប្រាស់កម្លាំងនិងចាត់វិធានការដោយភាពមុតមាំ។ មានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិនិងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន៕
ដោយ : សិលា










