តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ នៅ(អ​ ស​ ប)និងអង្គការអន្តរជាតិនានា​ នៅទីក្រុងហ្សឺណែវ​ បដិសេធចំពោះការលើកឡើង របស់រដ្ឋចំនួន៣៦​ បានចោទប្រកាន់កម្ពុជាថា ជាប្រទេសមិនគោរពសិទ្ធិមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានធ្វើការបដិសេធចំពោះការលើកឡើង របស់រដ្ឋចំនួន៣៦ ដែលក្នុងនោះ មានសហរដ្ឋអាមេរិក បានចោទប្រកាន់កម្ពុជាថា ជាប្រទេសមិនគោរពសិទ្ធិមនុស្ស និងធ្វើការគំរាមកំហែងដល់គណបក្សប្រឆាំងនិងសង្គមស៊ីវិលជាដើមនោះ គឺមិនមែនជាការពិត ហើយថាការលើកឡើងរបស់រដ្ឋទាំងនោះហាក់បីដូចជាមាននិន្នាការកាន់ជើងបក្សប្រឆាំងដែលកំពុងមានទោសនោះ។

ការបដិសេធរបស់តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ UNនេះ គឺបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានការលើកឡើងរបស់ប្រទេសចំនួន៣៦ក្នុងនោះមានប្រទេស កាណាដា ជប៉ុន អាល់បានីអូស្ត្រាលី ម៉ាសេដ្វាន ន័រវែស ស្វ៊ីសនិងប្រទេសចំនួន ២៨ទៀតជាសមាជិកនៃសហភាពអឺរ៉ុប និងអាមេរិក បានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា មានការគំរាមកំហែងដល់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងការជួបជុំគ្នារបស់អ្នកគាំទ្របក្សប្រឆាំងជាដើម។

យោងតាមសេចក្តីថ្លែងការណ៍របស់តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះបានឲ្យដឹងថា បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសេចក្តីថ្លែងការណ៍ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមរបស់គណៈប្រតិភូមួយចំនួន ដែលបានថ្លែងទាក់ទងនឹងប្រទេសកម្ពុជា តំណាងអចិន្ត្រៃយ៍កម្ពុជា លោក ណី សំអុល បានកត់សម្គាល់ឃើញថា មានចំណុចខុសឆ្គងមួយចំនួន ត្រូវបានលើកឡើងក្នុងន័យនេះ ហើយកម្ពុជាសូមធ្វើការបដិសេធទាំងស្រុង ដោយអះអាងថា មានគណបក្សនយោបាយ អង្គភាពនិងស្ថាប័នមួយចំនួនដើម្បីផលប្រយោជន៍របស់បក្សពួកខ្លួនបានធ្វើការបំភ័នដោយចេតនាញុះញង់ និងធ្វើឲ្យធ្ងន់ធ្ងរស្ថានភាពបច្ចុប្បន្ន រួមទាំងការបង្កឲ្យមានអស្ថេរភាពក្នុងប្រទេសកម្ពុជាផងដែរ។

សេចក្តីថ្លែងការណ៍បានបន្តថា ក្នុងនាមជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការពង្ររឹងនូវនីតិរដ្ឋ ដើម្បីរក្សាបាននូវស្ថិរភាព និងសន្តិសុខដើម្បីជាប្រយោជន៍សាធារណៈនិងឯកជន។ ជាងនេះទៅទៀតសេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ទៀតថា«គណបក្សនយោបាយ អង្គភាពនិងស្ថាប័នទាំងនោះមិនគួរលាក់ខ្លួននៅក្រោមឆ័ត្រសិទ្ធិមនុស្សដើម្បីគម្រាមដោយប្រើកម្លាំងឬប្លន់យកសណ្តាប់ធ្នាប់សាធារណៈភាពសុខសាន្តនិងសុខដុមរមនីយកម្មនៃសង្គមជាតិ ដោយគ្រាន់តែដើម្បីសារៈប្រយោជន៍នយោបាយរបស់បក្សពួកគេនោះទេ»។

កាលពីថ្ងៃទី១៤កន្លងមកនេះ រដ្ឋចំនួនទាំង៣៦នោះ បានធ្វើការ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាខិតខំជាអតិបរមាដើម្បីបង្កើតឲ្យមានបរិយាកាសនយោបាយមួយដែលក្នុងនោះគណបក្សប្រឆាំង និង សង្គមស៊ីវិលអាចធ្វើសកម្មភាពបានដោយសេរី។

ប្រទេសទាំងនោះបានអំពាវនាវផងដែរ ឲ្យប្រទេសកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការធ្វើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលនឹងធានាភាពស្របច្បាប់នៃរដ្ឋាភិបាលក្រោយហើយប្រទេសទាំងនោះលើកឡើងទៀតថា ពួកគេត្រៀមជាស្រេចក្នុងការជួយប្រទេសនិងប្រជាជនកម្ពុជាក្នុងការដោះស្រាយកង្វល់ទាំងនេះតាមលក្ខណៈស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សជាដើម។

តែយ៉ាងណាក៏ដោយ ភាគីកម្ពុជាបានអះអាងថា ការលើកឡើងរបស់ប្រទេសទាំងនោះមិនមែនជាការពិត ហើយមានភាពលំអៀងទៅកាន់ជើងគណបក្សប្រឆាំងដែលបច្ចុប្បន្នប្រធាននិងអនុប្រធានកំពុងក្លាយជាពិរុទ្ធជននោះ ហើយមិនតែប៉ុណ្ណោះកម្ពុជាមិនស្វាគមន៍ ចំពោះសកម្មភាពជ្រៀតជ្រែកណាមួយក្នុងស្ថានភាពនយោបាយនៅកម្ពុជាពីសំណាក់ប្រទេសទាំងនោះឡើយ។

ឯកឧត្តម កែវ រ៉េមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ស្ថានភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈល្អប្រសើជាងប្រទេសទាំង៣៦ដែលបានរិះគន់កម្ពុជាទៀតផង ហើយប្រទេសទាំងនោះគឺតែនិយាយអំពីសិទ្ធិមនុស្សនៅប្រទេសខ្លួនឯងវិញវាប្រសើរជាង៕

image image

ដោយ៖ ហេង សូរិយា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print