ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរឃុំស្រែខ្ទុម ស្រុកកែវសីមា បានជំរុញដល់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដាំដុះ និងថែទាំដំណាំស្វាយចន្ទី ដ្បិតតម្លៃទីផ្សារ នាដើមឆ្នាំ២០២៦នេះ កំពុងមានសន្ទុះកើនឡើងខ្លាំង។
លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម បានមានប្រសាសន៍លើកទឹកចិត្តដល់កសិករថា ក្នុងនាមអាជ្ញាធរឃុំ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ថ្វីត្បិតតែអាកាសធាតុឆ្នាំនេះមានការប្រែប្រួល ប៉ុន្តែតម្លៃទីផ្សារដែលកំពុងហក់ឡើងខ្ពស់នេះ គឺជាឱកាសមាសសម្រាប់បងប្អូន។ ដូច្នេះ សូមបងប្អូនបន្តយកចិត្តទុកដាក់លើបច្ចេកទេសថែទាំ ការដាក់ជីនិងការកម្ចាត់សត្វល្អិតឱ្យបានត្រឹមត្រូវ ដើម្បីធានាបានគុណភាពគ្រាប់ស្វាយចន្ទីឱ្យកាន់តែល្អ ព្រោះគុណភាពខ្ពស់ នឹងធ្វើឱ្យតម្លៃកាន់តែប្រសើរ ដែលអាចបង្កើនប្រាក់ ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែធូរធារ។ លោកមេឃុំបញ្ជាក់ថា ក្នុងមូលដ្ឋានរបស់លោកប្រជាកសិករបានដាំដុះដំណាំជាច្រើនមុខ រួមមាន កៅស៊ូ ម្រេច ទុរេន ស្វាយកែវរមៀត ស្វាយចន្ទី ដំឡូងមី ស្រូវ ជាដើម ។
អ៊ុំស្រី មុំ អេន រស់នៅក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម បានឱ្យដឹងថា គ្រួសារគាត់បានដាំដុះដំណាំស្វាយចន្ទី លើផ្ទៃដីប្រមាណជាង១ហិកតា ដែលមានអាយុកាលជាង ១០ឆ្នាំមកហើយកំពុងប្រមូលផលជារៀងរាល់ឆ្នាំ។ អ៊ុំស្រី បន្ថែមថា នៅរដូវប្រមូលផលនេះ ក្នុងមួយថ្ងៃ គាត់អាចរើសគ្រាប់បានប្រមាណ ២០០ ទៅ ៥០០ គីឡូក្រាម ហើយអ្វីដែលសប្បាយចិត្តបំផុតនោះ គឺតម្លៃឆ្នាំនេះល្អជាងឆ្នាំមុនៗ ដោយប្រភេទគ្រាប់ធម្មតា អាចលក់បានចាប់ពីជាង ៥,០០០ រៀល ទៅ ៦,០០០ រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យេគាត់មានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការថែទាំចំការ ។
លោក តុង ម៉េងឆាយ អាជីវករទិញគ្រាប់ស្វាយចន្ទី បាន ឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦ បរិមាណផលហាក់មាន ការថយចុះបន្តិច បើធៀបនឹងឆ្នាំ២០២៥ ។ អាជីវកររូបនេះបានលើកឡើងថា ក្នុង១ថ្ងៃ គាត់អាចទទួលទិញពីកសិករបានត្រឹមតែចន្លោះពី៣០ ទៅ ៤០តោនប៉ុណ្ណោះ ខណៈកាលពីឆ្នាំកន្លងទៅក្នុង១ថ្ងៃ គាត់អាចប្រមូលទិញបានរហូតដល់ជិត ១០០តោន។ អាជីវករទិញគ្រាប់ ស្វាយចន្ទីបញ្ជាក់ថា ការធ្លាក់ចុះទិន្នផលនេះ គឺបណ្តាលមកពីបញ្ហាអាកាសធាតុប្រែប្រួល មិនអំណោយផល ដែលធ្វើឱ្យផ្កា និងក្ដិបស្វាយចន្ទីខ្លោច ឬជ្រុះច្រើន។
ទោះបីជាទិន្នផលមានការថយចុះប៉ុន្តែតម្លៃដែលអាជីវករ ទទួលទិញក្នុងសប្តាហ៍ទីមួយនៃខែមីនា ឆ្នាំ២០២៦នេះ គឺមានភាពល្អប្រសើរខ្លាំង ដោយគ្រាប់ស្វាយចន្ទីប្រភេទគ្រាប់តូច (គ្រាប់ធម្មតា) មានតម្លៃចាប់ពី ៥,៨០០ រៀល ចំណែក ឯគ្រាប់ពូជប្រភេទ M23 ដែលមានគុណភាព ល្អ និងគ្រាប់ធំ អាចលក់បានរហូតដល់ ៧,២០០ រៀល ក្នុង១គីឡូក្រាម។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដំណាំស្វាយចន្ទីរបស់កសិករមួយចំនួនក្នុងឆ្នាំនេះ ទិន្នផលអាចថយចុះមួយចំនួនដោយសារ(ការបម្រែបម្រួលអាកាសធាតុ) ដោយមានភ្លៀងធ្លាក់កក់ខែ និងខ្យល់ ដែលជាកត្តាធ្វើឱ្យមានផលប៉ះពាល់ដល់ផ្កា។ ប្រជាកសិករ អាចប្រើប្រាស់វិធីសាស្ត្រមួយចំនួនក្រោយពេលភ្លៀងរួចលើកដំណាំស្វាយចន្ទីដែលមិនទាន់ចេញផ្កា សូមទាក់ទងជាមួយមន្ត្រីកសិកម្មឃុំ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម។ ចំពោះតម្លៃទីផ្សារ បច្ចុប្បន្នជា មធ្យមចាប់ពី ពី៦.៥០០៛ -៦.៧០០៛/គ.ក្រ អាស្រ័យនឹងគុណភាព ។ កាលឆ្នាំ ២០២៥ដំណាំស្វាយចន្ទីខេត្តមណ្ឌលគិរី អនុវត្តបាន ២២ ៨៩៣ហិកតា បរិមាណផលសរុប ៣៣៨ ៧៨៧ តោន ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញឱ្យឃើញពីការកើនឡើង នៃតម្លៃកសិផលនេះដែរ ខណៈដែលរាជរដ្ឋាភិបាលកំពុងជំរុញយ៉ាងខ្លាំងក្លាលើ “គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ២០២២-២០២៧” ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាអធិរាជស្វាយចន្ទី នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕










