អ្នកជំនួញមានទ្រព្យសម្បត្តិច្រើនគេបំផុតបំផុតក្នុងពិភពលោក Elon Musk បាននិយាយថា គាត់ត្រៀមខ្លួន បង់ប្រាក់ខែជំនួសឱ្យបុគ្គលិកសន្តិសុខអាកាសយានដ្ឋានអាមេរិក (TSA) ក្នុងអំឡុងពេលមានវិបត្តិថវិកាដែលកំពុងបន្ត។
លោកបានលើកឡើងកាលពីថ្ងៃសៅរ៍ថា គាត់នឹងជួយបង់ប្រាក់ឲ្យបុគ្គលិកនៃ Transportation Security Administration ដែលកំពុងប្រឈមមុខនឹង ការបញ្ឈប់ទទួលប្រាក់ខែជាលើកទី 2 ក្នុងរយៈពេល 6 ខែ ដោយសារការខ្វះថវិការដ្ឋាភិបាល។
វិបត្តិថវិកានេះពាក់ព័ន្ធនឹងក្រសួងមេគឺ Department of Homeland Security ដែលបានបន្តអស់រយៈពេល 5 សប្តាហ៍។
បុគ្គលិក TSA ជាច្រើនកំពុងជិតខាតប្រាក់ខែជាលើកទី 2 ប៉ុន្តែត្រូវបានបង្ខំឱ្យបន្តធ្វើការដដែល ខណៈពេលដែលពេលរង់ចាំនៅព្រលានយន្តហោះខ្លះៗបានពន្យារពេលដល់ជាច្រើនម៉ោង។
ក្នុងការបង្ហោះលើបណ្ដាញសង្គម X លោក Musk បាននិយាយថា៖
“ខ្ញុំចង់ផ្តល់ជំនួយបង់ប្រាក់ខែសម្រាប់បុគ្គលិក TSA ក្នុងអំឡុងពេលវិបត្តិថវិកានេះ ដែលកំពុងប៉ះពាល់អវិជ្ជមានដល់ជីវិតប្រជាជនអាមេរិកជាច្រើននៅតាមព្រលានយន្តហោះទូទាំងប្រទេស។”
ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមទេសចរណ៍បានព្រមានថា ការខកខានការងាររបស់បុគ្គលិក TSA ប្រហែល 50,000 នាក់ អាចនឹងកើនឡើងបន្ថែមទៀតនៅចុងសប្តាហ៍នេះ។
តាមទិន្នន័យរដ្ឋាភិបាល បុគ្គលិក TSA មានប្រាក់ខែជាមធ្យមប្រហែល 61,000 ដុល្លារ ក្នុងមួយឆ្នាំ។
បច្ចុប្បន្ន ព្រលានយន្តហោះមួយចំនួនកំពុងរៀបចំ ការបរិច្ចាគអាហារ និងជំនួយផ្សេងៗ ដើម្បីជួយបុគ្គលិកសន្តិសុខដែលកំពុងរងផលប៉ះពាល់។
កាលពីឆ្នាំមុន លោក Donald Trump ក៏បាននិយាយថា អ្នកឧបត្ថម្ភមានទ្រព្យសម្បត្តិម្នាក់បានផ្តល់ប្រាក់ 130 លានដុល្លារ ដើម្បីជួយគាំទ្រប្រាក់ខែយោធា ក្នុងអំឡុងពេលបិទរដ្ឋាភិបាលដែលមានរយៈពេល 43 ថ្ងៃ ដែលជារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក៕










