ខេត្តស្ទឹងត្រែង ៖ នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
សម្រាប់ឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ កើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះផង។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា មានចំនួនសរុប ១១៦ក្បាល។
កំណើតកូនផ្សោតថ្មីជាបន្តបន្ទាប់ និងពុំមានករណីសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់ គឺជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួងកសិកម្ម ដែលមាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ជាអង្គភាពសម្របសម្រួលអនុវត្តផ្ទាល់ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង អង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការ WWF និងមន្រ្តីឆ្មាំទន្លេ ដែលបានសហការពង្រឹងការល្បាត ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងតាមដានសុខភាពសត្វផ្សោត ការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ក្នុងករណីបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕
ប្រភពក្រសួងកសិកម្ម














