ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញការប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈឌីជីថល ដល់មន្ត្រីមន្ទីរជំនាញក្នុងខេត្តចំនួន៧

ចែករំលែក៖

ខេត្តសៀមរាប : នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសិក្ខាសាលាស្តីពីការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ជូនដល់មន្ត្រីមន្ទីរជំនាញមកពីខេត្តចំនួន៧ រួមមាន៖ ខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ កណ្តាល កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលសិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប។

 

លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប បានបង្ហាញថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់មន្ត្រីបង្គោលឱ្យយល់ដឹង និងចេះប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ផ្តល់លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងសេវាផ្សេងៗ តាមប្រព័ន្ធអនឡាញ ជូនប្រតិបត្តិករដែលធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ និងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន។ ក្នុងនោះ ខេត្តសៀមរាប គឺជាមន្ទីរដំបូងគេបង្អស់ក្នុងចំណោមរាជធានីខេត្តទាំង២៤ ដែលបានដាក់ឱ្យដំណើរការដោយជោគជ័យនូវសេវា “លិខិតអនុញ្ញាតតាមប្រព័ន្ធឌីជីថល” កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ។

 

លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ថា បន្ទាប់ពីបានប្រើប្រាស់ប្រព័ន្ធសាធារណៈឌីជីថល ការធ្វើបរិវត្តកម្មឌីជីថលលើការផ្តល់សេវានេះ បាននាំមកនូវតម្លាភាព និងប្រសិទ្ធភាពការងារ គឺកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលារដ្ឋបាល និងក្រដាសស្នាម បានធ្វើឱ្យការចេញលិខិតអនុញ្ញាតមានភាពរហ័សជាងមុន និងបង្កើនល្បឿនក្នុងការឆ្លើយតបជូនម្ចាស់អាជីវកម្មនិងសាធារណជនផងដែរ។

 

លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ មានប្រសាសន៍ថា ក្នុងបរិបទនៃការរីកលូតលាស់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តម្រូវការនៃសេវាបញ្ញើប្រៃសណីយ៍ក៏កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ហើយតាមរយៈសិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការកសាងសមត្ថភាព ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា ព្រមទាំងការធ្វើឱ្យនីតិវិធីរដ្ឋបាលមានភាពងាយស្រួលប្រសើរឡើង សំដៅគាំទ្រដល់ការសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន។

 

លោកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ប្រព័ន្ធផ្ដល់សេវាសាធារណៈឌីជីថល វាបានផ្តល់នូវភាពងាយស្រួល ឱ្យមន្ត្រីរាជការកាត់បន្ថយពេលវេលា និងភាពសាំញ៉ាំផ្នែកប្រព័ន្ឋការងាររដ្ឋបាល ចំណែកអាជីវករ និងសាធារណជន អាចស្នើសុំសេវាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនិងឆាប់រហ័ស។ ការផ្លាស់ប្តូរផ្នត់គំនិតមន្ត្រី ដោយបង្វែរពីការប្រើប្រាស់ក្រដាសស្នាម និងការចុះហត្ថលេខាដោយដៃ មកជាការគ្រប់គ្រងតាមប្រព័ន្ធកុំព្យូទ័រ និងហត្ថលេខាឌីជីថលផងដែរ៕

...

ប្រភព : មន្ទីរព័ត៌មាន ខេត្តសៀមរាប

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print