ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកទឹកចិត្ត និងណែនាំដល់ម្ចាស់ស្ថានីយ៍វិទ្យុ FM ឯកជនទាំងអស់ ត្រូវពង្រឹងទៅលើគុណភាពខ្លឹមសារព័ត៌មាន កម្មវិធីវិទ្យុ ឱ្យសម្បូរបែប និងមានខ្លឹមសារល្អ មានគុណភាព មានសុវត្ថិភាព ដើម្បីទាក់ទាញមិត្តអ្នកស្តាប់ និងអ្នកអាន នៅក្នុងយុគសម័យឌីជីល នៃការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប។ ការលើកទឹកចិត្តបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យតំណាងស្ថានីយ៍វិទ្យុ FM ឯកជន ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ។
នាឱកាសនោះ លោករដ្ឋមន្ត្រី រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលធ្វើឱ្យចំណូលរបស់ប្រព័ន្ធផ្សព្វផ្សាយបុរាណ ត្រូវធ្លាក់ចុះ ក៏ប៉ុន្តែ បញ្ហានេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលបញ្ហានេះវាបានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។
បរិបទនៃការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយត្រូវបានបែងចែកជាពីរប្រភេទ គឺប្រភេទបុរាណ និងប្រភេទទំនើប។ សម្រាប់ប្រភេទបុរាណ គឺវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តីជាដើម។ បច្ចុប្បន្នពលរដ្ឋភាគច្រើន បានទទួលព័ត៌មានតាមបែបលក្ខណៈទំនើបវិញ ក្នុងនោះសំដៅដូចជាហ្វេសប៊ុក តិកតុក យូធូប។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ តែប្រព័ន្ធផ្សព្វផ្សាយបែបបុរាណដើរតួនាទី និងមិនអាចអត់បានក្នុងការផ្តល់ព័ត៌មានពិត ជាពិសេសនៅក្នុងដំណាក់កាលនៃការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកមកមើល និងស្តាប់ព័ត៌មានព័ត៌មានដែលមានផ្លូវការ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា វិទ្យុជាប្រព័ន្ធផ្សព្វផ្សាយបុរាណមែន តែវានៅតែមានតម្លៃខ្ពស់ក្នុងការចូលរួមដើរតួនាទីផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ហើយថែមទាំងបានចែកចាយ ក្នុងការផ្តល់ព័ត៌មានគ្រប់ទីកន្លែងទាំងអស់។ ប្រព័ន្ធផ្សព្វផ្សាយបុរាណ បើទោះបីជាមានការចុះខ្សោយតួនាទី ក៏ប៉ុន្តែ វានៅតែមានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាជននូវព័ត៌មានពិត។ លោករដ្ឋមន្ត្រី បានថ្លែងបន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានប្រែឥរិយាបថជាច្រើន ពោលគឺប្រែពីការជឿលើបណ្តាញសង្គម Facebook បែរមកជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលជាប្រភពផ្លូវការ ដែលបញ្ជាក់ថាប្រជាពលរដ្ឋនៅតែមានជំនឿលើប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈ ថានៅតែដើរតួនាទីសំខាន់ នៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មានដល់មហាជន។ ទាំងនេះផ្តើមចេញពីការផ្សព្វផ្សាយដោយប្រព័ន្ធផ្សាយទំនើបមួយចំនួនមិនបានផ្តល់ការជឿជាក់ដល់សំណាក់មហាជន ឬយកជាការបាននោះ។ ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យថ្មីដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជន បើពុំនោះនឹងជួបនូវការបិទទ្វារ ឬប្រឈមនឹងគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម ផងដែរ៕ដោយ៖តារា










