ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្រសួងបាននិងកំពុងកំណត់នូវសារធាតុប្រើប្រាស់នៅក្នុងគ្រឿងបង្គុំសំណង់ និងសម្ភារៈសំណង់មួយចំនួនដែលជាសារធាតុគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពមនុស្សលោក និងបរិស្ថាន ដើម្បីកាត់បន្ថយនិងឈានទៅដល់លុបបំបាត់ការនាំចូលក៏ដូចជាដើម្បីធានានូវសុខុមាលភាព និងដំណើរការនៃសេដ្ឋកិច្ចលើវិស័យសំណង់។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ដូច្នេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីភាពគ្រោះថ្នាក់នៃសារធាតុអាសបេស្ដុសដែលបានសហការជាមួយប្រទេសអូស្ដ្រាលីធ្វើការងារនេះ ព្រោះប្រទេសអូស្រ្ដាលីជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗដែលងាយរងគ្រោះខ្លាំងបំផុតលើពិភពលោកដោយសារសារធាតុអាសបេស្ដុស។
សារធាតុអាសបេស្ដុស គឺជាសារធាតុសម្រាប់ប្រើប្រាស់ក្នុងសម្ភារៈសំណង់សំខាន់ៗរួមមាន៖ សម្ភារៈដំបូល ផលិតផលអាសបេស្ដុស-ស៊ីម៉ងត៌ សម្ភារៈធ្វើពីអ៊ីសូឡង់ សម្ភារៈធ្វើកម្រាល វាយនភ័ណ្ឌ និងសម្ភារៈផ្សេងទៀត។
សារធាតុនេះជាសារធាតុដែលល្អបំផុតមានភាពធន់នឹងភ្លើង គីមី និងការបំបែកជីវសាស្ត្រ មានអាយុកាលយូរ ពិសេសធន់នៅក្នុងបរិយាកាសដែលមានកម្ដៅខ្ពស់ ប៉ុន្ដែបើសារធាតុនេះចូលទៅដល់ក្នុងសារពាង្គកាយនិងសួត វាបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវីត ក្នុងនោះប្រជាជននៃប្រទេសអូស្រ្ដាលីត្រូវបានបាត់បង់ជីវិតដែលបង្កឡើងដោយសារសារធាតុអាសបេស្ដុសប្រមាណ ៣,០០០ ទៅ ៤,០០០ នាក់ ជារៀងរាល់ឆ្នាំ ហើយក្រសួង ដ.ន.ស ខិតខំប្រឹងប្រែងធ្វើការងារនេះ ដើម្បីធានាបាននូវសុខុមាលភាពដល់ប្រជាជនទូទៅ និងតជំនាន់។
សូមជម្រាបជូនថា សិក្ខាសាលាពិគ្រោះយោបល់នេះស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦៕ដោយ៖តារា










