មន្ត្រីអាហ្វហ្គានីស្ថានបានថ្លែងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ថា រថយន្តកាម៉ាស់មួយគ្រឿងបានផ្ទុះឡើងដោយសារតែការបំផ្ទុះរថយន្តអត្តឃាតស្ថិតនៅជិតបន្ទាយកម្លាំងទាហានខេត្ត Logar ភាគខាងកើតរបស់អាហ្វហ្គានីស្ថានបណ្តាលឲ្យកម្លាំងទាហាន៣នាក់ និងជនស៊ីវិល៣នាក់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតរងរបួស ។
លោក Aleem Fedaee មន្ត្រីទទួលខុសត្រូវក្នុងតំបន់បានបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកនេះមានកម្លាំងខ្លាំង បង្កឡើងដោយរថយន្តកាម៉ាស់មួយគ្រឿងដែលដឹកសម្ភារ គ្រឿងផ្ទុះ។ វាបានធ្វើឲ្យលំនៅឋានពលរដ្ឋនៅក្បែរខាងនោះកម្រើកញាប់ញ័រ និងបែកបាក់កញ្ចក់បង្អូចលំនៅឋានពលរដ្ឋ ក៏ដូចហាងលក់ទំនិញដែលនៅជិតកន្លែងកើតហេតុនោះផងដែរ ។ កម្លាំងផ្ទុះមានឥទ្ធិពលខ្លាំងរហូតដល់ជិត១គីឡូម៉ែត្រឯណោះ ។
ក្រុមគ្រូពេទ្យនៅក្នុងមនី្ទរពេទ្យមួយស្ថិតនៅក្នុងរដ្ឋធានី Pul-i-Alam បានបញ្ជាក់ថា ជនស៊ីវិល១៣នាក់ដែលរងរបួសត្រូវបញ្ជូនមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ទីតាំងមន្ទីរពេទ្យមានចម្ងាយ២០០ម៉ែត្រប៉ុណ្ណោះពីទីតាំងហេតុការណ៍បំផ្ទុះរថយន្តអត្តឃាត ។ ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យនេះ១១នាក់បានរងរបួសដោយសារការបំផ្ទុះគ្រាប់បែកនេះផងដែរ ។
មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ការវាយប្រហារអត្តឃាតខាងលើនេះនៅឡើយទេ ៕
ប្រែសម្រួល៖ យ៉ាត