ភ្នំពេញ៖ តារាសម្តែងស្រីសម្រស់បានកញ្ញា ស៊ិន យូប៊ីន និងតារាសម្តែងស្រស់សង្ហា យឹម សម្បត្តិ បានធ្វើដំណើរទៅកាន់ប្រទេសចិនប្រយោជន៍ចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្តមួយនៅប្រទេសចិនដែលមានបណ្តាប្រទេសប្រមាណជាង១០ចូលរួម។ តារាទាំងពីររូបនឹងក្លាយជាតារាសម្តែងតំណាងឲ្យប្រទេសកម្ពុជាដើម្បីដើរលើកម្រាលព្រំនៃព្រឹត្តិការណ៍លំដាប់អន្តរជាមួយនេះ។
តារាសម្តែង ស៊ិន យូប៊ីន បញ្ជាក់ថា នេះជាកិត្តិយសដ៏ធំបំផុតសំរាប់នាង ដែលទទួលបានលិខិតអញ្ជើញពីប្រទេសចិន ក្នុងនាមជាអ្នកតំណាងឲ្យកម្ពុជា ចូលរួមក្នុងមហោស្របភាពយន្ត( the silk road international film festival “xi’an” executive committee ) នៅទីក្រុងស៊ីអាននៃប្រទេសចិន ។ នាងបន្តថា អ្វីដែលកាន់តែរំភើបនោះ គឺខ្សែភាពយន្តរឿង”តម្លៃស្នេហ៍”ត្រូវបានជ្រើសរើសជាខ្សែភាពយន្តមួយក្នុងខ្សែភាពយន្តជាច្រើននៅអាស៊ាន នៅថ្ងៃទី១៩ ខែកញ្ញានេះផងដែរ។ នាងនិងលោកយឹមសម្បត្តិក៏នឹងដើរលើកម្រាលព្រំក្រហមដើម្បីសម្ពោធខ្សែភាពយន្តរបស់ខ្មែរនាឱកាសនេះផងដែរ ។ អ្វីដែលពិសេសនាងនិងលោកយឹមសម្បត្តិបានត្រៀមរួចជាស្រេចក្នងការគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរដើម្បីជាកិត្តិយសនិងចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
លោក Matthew Robinson នាយកផលិតកម្មវិធីនៃផលិតកម្ម ខ្មែរមេគង្គបានបញ្ជាក់ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា តារាសម្តែងទាំងពីរខាងលើត្រូវបានអញ្ជើញដោយអ្នកផលិតកម្មវិធីនៅប្រទេសចិនក្រោយពីខ្សែភាពយន្តខ្មែររឿង”តម្លៃស្នេហ៍”របស់ផលិតកម្មលោកត្រូវបានលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជ្រើសរើសខ្សែភាពយន្តរបស់ផលិតកម្មលោកតំណាងឲ្យឧស្សាហកម្មភាពយន្តនៅកម្ពុជាដើម្បីចូលរួមមហោស្រពខាងលើ។ លោកបញ្ជាក់ថា នៅថ្ងៃ២១ខែកញ្ញា នេះខ្សែភាពយន្តរឿង”តម្លៃស្នេហ៍”របស់កម្ពុជានឹងចាក់បញ្ចាំងនៅពីមុខអ្នកទស្សនាជាច្រើននាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពខាងលើ។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តខ្នាតធំរឿង”តម្លៃស្នេហ៍” បានចាក់បញ្ចាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦កម្លងមក ។ រឿងនេះបានឈ្នះពាន់រង្វាន់បួនផ្សេងគ្នា ពីមហោស្របភាពយន្ត «Hollywood International Moving Pictures Film Festival» (HIMPFF) ។ រឿង «តម្លៃស្នេហ៍» ជាភាពយន្តបែបកំប្លែង មនោសញ្ចេតនា ហើយមានការចូលរួមសម្តែងពី តារាសម្តែងក្មេងៗ ជាច្រើនរូប។ រឿង «តម្លៃស្នេហ៍» ត្រូវប្រើពេលថត អស់រយៈពេល ៦សប្តាហ៍ ដោយថតនៅភ្នំពេញ និង ខេត្តព្រះសីហនុ។ ទស្សនិកជននៅប្រទេសឡាវ ក៏ពេញចិត្តរឿងនេះដែរ ពេលឡើងចាក់បង្ហាញ នៅក្នុងមហោស្រពភាពយន្ត ចម្បារសក្តិ កាលពីខែកុម្ភៈឆ្នាំនេះដែរ៕
https://youtu.be/0KzdFI_QzjQ
ដោយ៖ វឌ្ឍនា