ករណី«កូនស្រីវាយម្តាយ» នៅឈូកវ៉ា២៖ កម្លាំងសមត្ថកិច្ចបំភ្លឺថា មិនមែនជាការពិត

ចែករំលែក៖

ភ្នំពេញ៖ ករណីដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំ ទូលាយតាមបណ្តាញសារព័ត៌មានមួយចំនួន អំពីស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានកូនស្រីវាយធ្វើបាប នៅក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចចេញមុខបំភ្លឺថា ជាព័ត៌មានមិនពិត និងមាន ការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។

 

តាមការឲ្យដឹងពីកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចុះស្រាវជ្រាវភ្លាមៗ កាលពីវេលាម៉ោង២១៖៣០នាទី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម បានបញ្ជាក់ថា មិនមានករណីហិង្សាក្នុងគ្រួសារដូចការចុះផ្សាយនោះឡើយ។

 

បុរសជាប្តីរបស់ស្ត្រីចំណាស់បានអះអាងថា ប្រពន្ធរបស់គាត់មានបញ្ហាវង្វេងស្មារតី និងជំងឺប្រចាំកាយយូរមកហើយ។ ស្នាមរបួសនៅលើដៃ គឺបណ្តាលមកពីការរអិលធ្លាក់ពីជណ្តើរនៅផ្ទះជួល មិនមែនដោយសារការវាយធ្វើបាបពីសមាជិកគ្រួសារទេ។

 

ប្រភពដដែលបន្តថា បន្ទាប់ពីកូនស្រីបាននាំម្តាយមកថែ ទាំនៅឈូកវ៉ា២ ស្ត្រីចំណាស់បានដើរចេញពីផ្ទះដោយ សារសភាពវង្វេង ហើយបានជួបអ្នកសារព័ត៌មាន។ ក្នុងស្ថានភាពស្មារតីមិនប្រក្រតី គាត់បានផ្តល់ព័ត៌មានមិនត្រឹមត្រូវ ដែលនាំឲ្យមានការផ្សាយខុសពីការពិត។

 

អ្វីដែលគួរឲ្យព្រួយបារម្ភ គឺបន្ទាប់ពីការផ្សាយព័ត៌មានខុសនេះ កូនស្រីបានទទួលផលប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង រហូតដល់ប៉ងធ្វើអត្តឃាតដោយលេបថ្នាំ តែសំណាងល្អ ត្រូវបានគ្រួសារជួយសង្គ្រោះទាន់ពេលវេលា និងកំពុងមានស្ថានភាពធូរស្បើយវិញ។

 

ករណីនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ការផ្សព្វផ្សាយព័ត៌មានដោយខ្វះការត្រួតពិនិត្យ និងបញ្ជាក់ប្រភពឲ្យបានច្បាស់លាស់ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរទៅលើជីវិតមនុស្ស មិនត្រឹមតែប៉ះពាល់ដល់កិត្តិយសបុគ្គលនោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត និងសន្តិសុខសង្គមផងដែរ។

 

វិជ្ជាជីវៈសារព័ត៌មាន ត្រូវការការយកចិត្តទុកដាក់ខ្ពស់លើក្រមសីលធម៌ ជាពិសេសក្នុងករណីពាក់ព័ន្ធនឹងជនងាយរងគ្រោះ ឬបញ្ហាសុខភាពផ្លូវចិត្ត។ ការសម្ភាសន៍មនុស្សដែលស្ថិតក្នុងស្ថានភាពវង្វេងស្មារតី គួរត្រូវបានពិចារណាយ៉ាងម៉ត់ចត់ និងត្រូវមានការបញ្ជាក់ពីភាគីពាក់ព័ន្ធផ្សេងទៀត មុននឹងផ្សព្វផ្សាយជាសាធារណៈ។

 

ជាមួយគ្នានេះ អាជ្ញាធរ និងគ្រួសារបានអំពាវនាវដល់សារព័ត៌មានដែលបានចុះផ្សាយព័ត៌មានមិនត្រឹមត្រូវ សូមកែសម្រួល និងបំភ្លឺឡើងវិញ ដើម្បីផ្តល់ព័ត៌មានពិតជូនសាធារណជន និងជៀសវាងការភាន់ច្រឡំបន្ថែមទៀត ដែលអាចបង្កផលប៉ះពាល់ដល់បុគ្គល និងសង្គមទាំងមូល។

 

ករណីនេះគឺជាមេរៀនមួយសំខាន់សម្រាប់វិស័យសារព័ត៌មាន ក្នុងការពង្រឹងវិជ្ជាជីវៈ និងការទទួល ខុសត្រូវសង្គម ដើម្បីធានាថា «ព័ត៌មានពិត» តែងតែឈរលើមូលដ្ឋាននៃការពិត មិនមែនលើការប៉ាន់ស្មាន ឬព័ត៌មានមិនបានផ្ទៀងផ្ទាត់ឡើយ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print