ខេត្តរតនគិរី÷ មន្ទីរបរិស្ថានខេត្តរតនគិរីតាមរយៈ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃលំផាត់ បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលែងសត្វពង្រូល ចូលព្រៃធម្មជាតិវិញ ក្រោយពីបានពិនិត្យ ឃើញ ថា សត្វពង្រូលនេះ មិនមានរបួស និងមានសុខភាពល្អ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅក្នុងជម្រកធម្មជាតិ នៅទីតាំងសមស្រប ដែលងាយក្នុងការស្វែងរកចំណី និងមានសុវត្ថិភាពនាដែនជម្រកសត្វព្រៃលំផាត់ ជាទីតាំងដែលយើងកំពុងអនុវត្តគម្រោងឥណទានកាបូនរេដបូក។
សត្វពង្រូល ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វដែលជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ កត្តាគំរាមកំហែងដល់សត្វពង្រូលមួយចំនួន មានដូចជា ការបាត់បង់ទីជម្រក ការបរបាញ់ ដាក់អន្ទាក់ និងការជួញដូរជាដើម។
គួរបញ្ជាក់ថាសត្វពង្រូល មានឈ្មោះតាមភាសា អង់គ្លេសហៅថា( Sunda Pangolin)ជាប្រភេទ ថនិកសត្វ និងសត្វដែលស្លូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ ស្ទើរពេញដងខ្លួន។ ជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួនដើម្បីការពារខ្លួន៕
ដោយ៖ សុរិយា










