ប៉ូលិសអាមេរិកកំពុងបើកការស្រាវជ្រាវដាច់ដោយឡែកពីគ្នាទៅលើករណីផ្ទុះ ក្រោយពេលរកឃើញវ៉ាលីនៅរដ្ឋ New Jersey ដែលមានឧប្បករណ៍ផ្ទុះ៥ផ្សេងគ្នា។ ក្រុមប៉ូលិសបញ្ជាក់ថា ការវាយប្រហារបំផ្ទុះ៣លើកផ្ទួនគ្នាគឺជាសកម្មភាពវាយប្រហារភេរវកម្ម។
វាលីត្រូវបានរកឃើញនៅក្នុងធុងសម្រាមក្នុងទីក្រុង Elizabeth រដ្ឋ New Jersey ខាងក្រៅហាងលក់ស្រា និងមានចម្ងាយពីស្ថានីយរថភ្លើងតែ ១,៥គីឡូម៉ែត្រប៉ុណ្ណោះ។ សារព័ត៌មាន CNN បានដកស្រងសម្តីអភិបាលក្រុងElizabeth លោក Chris Bollwage បានបញ្ជាក់ថា ដូចជាមានអ្នកណាម្នាក់ដាក់ថង់មានឧប្បករណ៍ផ្ទុះនៅតំបន់ដែលមានមនុស្សច្រើន។
បុរសពីរនាក់បានប្រទះឃើញវាលីនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ហើយក៏បានប្តឹងប៉ូលិសក្រោយពេលឃើញមានខ្សែភ្លើងគួរឲ្យសង្ស័យ។
គួរកត់សម្គាល់ដែរថា ករណីនេះបានកើតឡើងស្របពេលគ្នាជាមួយនឹងករណីផ្ទុះ២កន្លែងផ្សេងទៀតក្នុងថ្ងៃតែមួយ។ ទី១-គឺករណីផ្ទុះនៅក្នុងសង្កាត់ Chelsea ទីក្រុងញូយ៉ក វេលាម៉ោងប្រហែល៨និង៣០នាទីយប់ ដែលបានបង្កឲ្យរបួសមនុស្ស២៩នាក់។ ករណីផ្ទុះទី២-បានកើតឡើងនៅរដ្ឋ New Jersey កាលពីថ្ងៃសោរ៍ដែរ ដោយគ្រាប់បែកមួយត្រូវបានគេដាក់បង្កៃក្នុងធុងសំរាមតាមផ្លូវដែលជាផ្លូវរត់ប្រណាំងរបស់ទាហ៊ានជើងទឹកអាមេរិក។ ជាសំណាងល្អការចេញដំណើររត់ប្រណាំងបានមានការយឺតយ៉ាវ ហើយគ្រាប់បែកបានផ្ទុះមុនពេលដែលក្រុមអ្នករត់ប្រណាំងមកដល់ ហើយមិនបានបង្កឲ្យមាននរណារងរបួសទេ។
អាជ្ញាធរកំពុងតែស៊ើបអង្កេតស្វែងរកភស្តុតាងបន្ថែម ដោយក្នុងពេលនេះគេមិនទាន់អាចសន្និដ្ឋានថា គ្រាប់បែកផ្ទុះទាំងនេះជាអំពើភេរវកម្មទេ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ផ្ទួនៗគ្នាបែបនេះ បានបង្កជាអារម្មណ៍ភ័យខ្លាចសម្រាប់ប្រជាជនអាមេរិក ជាពិសេសអ្នកទីក្រុងញូយ៉ក ដែលទើបតែបានប្រារព្ធខួបគំរប់១៥ឆ្នាំ នៃអំពើភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
ចំណែកនៅរដ្ឋមីនីសូតា មានហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ដោយមានបុរសម្នាក់ បានដើរយកកាំបិតចាក់មនុស្សជាច្រើននាក់នៅក្នុងផ្សារទំនើបមួយកន្លែង។ តាមការឲ្យដឹងពីសាក្សីនៅកន្លែងកើតហេតុជននេះបានស្រែកឧទ្ទិសដល់ព្រះអាឡា ក្នុងពេលកំពុងធ្វើសកម្មភាព។ ហេតុការណ៍នេះបានកើតឡើងផ្ទួនៗគ្នា ជាមួយនឹងហេតុការណ៍ផ្ទុះគ្រាប់បែកផ្សេងទៀតនៅសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយអាជ្ញាធរនៅមិនទាន់មានភស្តុតាងគ្រប់គ្រាន់អាចចាត់ទុកថា អំពើទាំងនេះជាអំពើភេរវកម្មទេ។
តាមការឲ្យដឹងពីនគរបាលរដ្ឋមីនីសូតា ភាគខាងជើងសហរដ្ឋអាមេរិក បុរសម្នាក់ក្នុងសម្លៀកបំពាក់ជាសន្តិសុខឯកជនបានចូលទៅក្នុងផ្សារទំនើបមួយកន្លែង ហើយបានដកកាំបិតចាក់មនុស្សជាច្រើននាក់នៅវេលាម៉ោង៨យប់៕
ប្រែសម្រួល៖ ម៉ែវ សាធី