ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបើកវគ្គបណ្តុះ បណ្តាលស្តីពី សារព័ត៌មានកីឡាជាតិ និង អ្នកអត្ថាធិប្បាយកីឡាឲ្យស្របតាមច្បាប់ កីឡាអន្តរជាតិដោយមានមន្ត្រីមកពីសហព័ន្ធកីឡាភ្នាក់ងារយកព័ត៌មានកីឡាជាតិនិងអ្នកអត្ថាធិប្បាយព័ត៌មានកីឡាគ្រប់បណ្តាញផ្សព្វផ្សាយទូទាំងប្រទេសក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍសមត្ថភាពផ្នែកសារព័ត៌មាន និងអ្នកអត្ថាធិប្បាយកីឡាដែលមាន រយៈពេល២ថ្ងៃគឺថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០១៦នៅអគារស្នាក់ការ NOCC ។
លោក តែម ម៉ឺន នាយកមជ្ឈមណ្ឌល កងយោធពលខេមរភូមិន្ទនិងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិក តំណាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាមានប្រសាសន៍ថា ដើម្បី ពង្រឹងសមត្ថភាពមន្ត្រីដែលពាក់ព័ន្ធជាមួយ វិស័យកីឡាក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពគ្រប់ជំនាញទាំងអស់ ។ ក្នុងនោះមាន អ្នកសារព័ត៌មានកីឡានិងអ្នកធ្វើអត្ថាធិប្បាយអំពីកីឡាក៏ត្រូវមានសមត្ថភាពខ្ពស់ក្នុងការសរសេរនិងនិយាយឲ្យចំពាក្យពេចន៍កីឡាដើម្បីបម្រើការសប្បាយនិងការអប់រំផងដែរ ។
លោកបានបញ្ជាក់ថា ចំពោះវគ្គសិក្សានេះសំដៅទៅលើមន្ត្រីកីឡានិងអ្នកធ្វើព័ត៌មានកីឡាដើម្បីពង្រឹងសមត្ថភាពឲ្យទទួលបាននូវគុណភាពពិតប្រាកដប្រកបដោយ វិជ្ជាជីវៈសារព័ត៌មាន ។ ដូច្នេះ NOCC បាននិងកំពុងជំរុញឲ្យមានវគ្គសិក្សាខាងលើនេះបានកាន់តែច្រើនបន្ថែមទៀតធ្វើយ៉ាងណាឲ្យបានមុនព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ដែលចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះតទៅ ។
លោកបានបញ្ជាក់ឲ្យដឹងថា វគ្គនេះនឹង មានវាគ្មិនជំនាញផ្នែកសារព័ត៌មានកីឡា និងផ្នែក MC ឡើងធ្វើបទបង្ហាញពាក់ព័ន្ធ នឹងវិស័យកីឡាដោយរៀនប្រើពាក្យពេចន៍បច្ចេកទេសក្នុងវិស័យកីឡាឲ្យចំគោលដៅទាំង MC និងអ្នកសរសេរអត្ថបទព័ត៌មាន កីឡា៕
ដោយ៖ សារីម